ព័ត៌មានទាន់ហេតុការណ៍៖

សន្សំលុយជាង៣ខែដាក់ក្នុងកូនជ្រូកអ្នកបំរើលួចជិតអស់

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះឆោឡោពេលបោកកូនជ្រូកដែលខំសន្សំប្រហែលជា៣ខែជាង ដាក់ក្នុងកូនជ្រូក១ថ្ងៃ២០ដុល្លារ ទៅ៣០ដុល្លារ ពេលបោកកូនជ្រូកមកឃើញតែលុយចំនួន៤០ដុល្លារ ហើយក៏សង្ស័យទៅលើនារីម្នាក់ជាកូនឈ្នួលបានឃាត់ខ្លួនយកមកប៉ុស្តិ៍សមត្ថកិច្ច ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីចេញពីធ្វើការមកពេលយប់ គាត់បានដាក់លុយសន្សំនៅក្នុងកូនជ្រូក មួយថ្ងៃជួនកាល២០ដុល្លារ ថ្ងៃខ្លះ៣០ដុល្លារ ចំនួន៣ខែជាងមកហើយៗ កូនជ្រូកនោះបានដាក់នៅក្នុងទូដាក់សម្លៀកបំពាក់របស់ខ្លួន ហើយព្រឹកឡើងរូបគាត់ និងក្រុមគ្រួសារចេញទៅធ្វើការបាត់ៗពីផ្ទះ ទាល់តែយប់បានចូលផ្ទះវិញ។ រហូតដល់ថ្ងៃនេះ ជនរងគ្រោះក៏នឹកឃើញចង់បោកកូនជ្រូកមើលថា សន្សំលុយបានប៉ុន្មានហើយ ស្រាប់តែបោកមកឃើញលុយបានតែ៤០ដុល្លារ ហើយបើសរុបលុយទាំងអស់បាត់ប្រហែលជាជិត២០០០ដុល្លារ ក៏នាំគ្នាផ្អើលឆោឡោពេញផ្ទះ គ្រាន់តែពេលបោកកូនជ្រូកហើយភ្លាម ជនសង័្សយជាឈ្នួលបម្រើនៅក្នុងផ្ទះនោះក៏សុំទៅផ្ទះហើយ ដំបូងឡើយនិយាយសន្យាជាមួយម្ចាស់ផ្ទះថា ទាល់តែចូលឆ្នាំខ្មែរបានជនសង្ស័យនោះទៅផ្ទះ តែគ្រាន់តែជនរងគ្រោះបោកកូនជ្រូកភ្លាម ក៏ខ្លាចបែកការសុំគេទៅផ្ទះ តែគេមិនឲ្យទៅ ក៏ឆែកឆេរក្នុងអីវ៉ាន់របស់ជនសង្ស័យនោះឃើញលុយចំនួន៦០ម៉ឺនរៀលជាង ដែលយកលាក់ទុកហើយខ្សែកប្លាទីន១ខ្សែ និងចិញ្ចៀនប្លាកទីន១វង់។

ម្ចាស់ផ្ទះបាននិយាយទៀតថា ឥឡូវបើព្រមយកលុយដែលនៅសល់ទាំងប៉ុន្មានឲ្យវិញ គាត់ឲ្យទៅផ្ទះវិញ។ តែបច្ចុប្បន្នរូបគេមិនទាន់សារភាពនៅឡើយទេ ។

ក្រោយពេលកើតហេតុជនរងគ្រោះបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍សមត្ថកិច្ចដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យនិងឲ្យសម្ថកិច្ចសាកសួរនាំបន្ថែមដើម្បីធ្វើកំណត់ហេតុដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕ អរុណរៈ


ចែករំលែក៖