ខេត្តព្រះសីហនុ៖ ក្រោយពីប្រជាពលរដ្ឋប្រមាណ១៣០គ្រួសាររស់នៅភូមិលេខ០១ ក្រុងព្រះសីហនុ ដាក់ពាក្យបណ្តឹងចូលទៅថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ដើម្បីសូមជូយអន្តរាគមន៏ តាមផ្លូវច្បាប់ ចំពោះ លោក លឹម សំអឿន ហៅចាន់ ជាអនុប្រធានភូមិដែលបានបង្កភាពរាំស្ទះដំណើរការសាងសង់ស្ពានឆ្លងអូរ តភ្ជាប់ពីរផ្លូវក្នុងភូមិទៅផ្លូវជាតិលេខ០៤ រួចមក ក្រុមការងារចម្រុះរបស់អាជ្ញាធរខេត្តនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញ បានចុះពិនិត្យជាក់ស្តែង ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ជាលទ្ធផលបើតាមរបាយការណ៏របស់ក្រុមការងារចម្រុះរបស់អាជ្ញាធេខេត្តបានបញ្ជាក់ថា នៅសងខាងនៃអូរដែលប្រជាពលរដ្ឋគ្រោងធ្វើការសាងសង់ស្ពានគឺជាផ្លូវដែលមានស្រាប់ ប៉ុន្តែគំរោងសា្ពនរបស់ប្រជាពលរដ្ឋមិនអាចធ្វើការសាងសង់បាន ដោយសារតែលោក លឹម សំអឿន ហៅចាន់ជាអនុប្រធានភូមិតំបន់នោះតែម្តង បានបោះបង្គោលថ្ម ចូលក្នុងដីអូរនឹងសាងសង់ផ្ទះនៅលើដីអូរ ចំពីមុខ ចំណុចដែលសាងសង់ស្ពាន ក្នុងគោលបំណងប្រឆាំងដាច់ខាត មិនឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាងសង់ស្ពានបាន ដោយលើហេតុផលថាដីផ្លូវដែលគាត់សាងសង់ផ្ទះនោះគឺជាដីកម្មសិទ្ធិស្រប់ច្បាប់របស់គាត់។
លោក លឹម សំអឿន អនុប្រធានភូមិដែលកំពង់រងការចោទប្រកាន់ពីប្រជាពលរដ្ឋរបស់ខ្លួនខាងលើនេះ នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនរួមនឹង មន្ត្រីក្រុមការងារចម្រុះរបស់អាជ្ញាធរខេត្ត គាត់បាននិយាយជាចំហរថាស្ពានឆ្លងអូរមួយនេះមិនអាចធ្វើការសាងសង់បានទេ ពីព្រោះស្ពាននេះ ធ្វើឆ្លង កាត់ដីកម្មសិទ្ធិរបស់គាត់ ដូចនេះ បើប្រជាពលរដ្ឋចង់ធ្វើលុះត្រាតែ ទិញដីរបស់គាត់ទើបបាន បើមិនអញ្ជឹងទេ មិនបានដាច់ខាត ហើយប្រជាពលរដ្ឋដែលអាចដើរលើផ្លូវ របស់គាត់បាន មានតែប្រជាពលរដ្ឋចំនួន៥ទៅ៦គ្រូសារ ដែល ទឹញដីឡូត៏របស់គាត់ តែប៉ុណ្ណោះ។
លោក លី ចិត្តយម មន្ត្រីអន្តរៈវិស័យសាលាខេត្តព្រះសីហនុ ដែលជាប្រធានដឹកនាំក្រុមការងារចុះមកពិនិត្យទីតាំងដែលត្រូវសាងសង់ស្ពានខាងលើបានធ្វើការបញ្ជាក់ថារឿងសាងសង់ផ្លូវ ស្ពានជារឿងសំខាន់ណាស់ដែលរាជរដ្ឋាភិបាលកំពង់យកចិត្តទុកដាក់ ហើយចំពោះដីអូរគឺជាដីសាធារណៈរបស់រដ្ឋ មិនអាច ឲ្យបុគ្គល់ណាម្នាក់ វាទីយកធ្វើជាកម្មសិទ្ធិបានទេបូករូមនឹងផ្លូវដែលមានស្រាប់ផងដែរ។សរុបសេចក្តីមកអ្វីដែលក្រុមការងារចម្រុះចុះមកធ្វើការពិនិត្យជាក់ស្តែងនាពេលនេះគឺជារបាយការណ៏លំអិតដាក់ចូលទៅថ្នាក់ដឹកនាំខេត្តដើម្បីពិនិត្យ នឹងសម្រេចតាមផ្លូវច្បាប់ ហើយលទ្ធផលយ៉ាងណានោះ គឺជាការសម្រេចរបស់ថ្នាក់ដឹកនាំខេត្ត។
ជាមួយគ្នានេះ បងស្រីឈ្មោះ ដានី បងស្រី ណូចរណែ .បងស្រីម៉ីសុខា ជាតំណាងប្រជាពលរដ្ឋក្នុងភូមិខាងលើ បានធ្វើការបញ្ជាក់ថា ស្ពានថ្មចាក់បេតុង ទំហ៊ំបណ្តោយប្រវែង ១៩ម៉ែត្រ និង ទទឹងប្រវែង ៤ម៉ែត្រ ខាងលើនេះ គឺជាការចំណាយថវិការរួមគ្នារបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើម្បី ប្រើប្រាស់ជាសាធារណៈទុកជាសម្បត្តិ របស់រដ្ឋមិនមែនសំរាប់បំរើឲ្យផលប្រយោជន៏ ឲ្យបុគ្គល់ណា ម្នាក់ឡើយ ហើយចំណុចដែលសាងសង់ស្ពាននេះក៏មិនមានការប៉ះពាល់ លើដីកម្មសិទ្ធិឯកជន របស់ បុគ្គល់ ណានោះដែរ គឺធ្វើឆ្លងអូរ ពីរផ្លូវម្ខាង ទៅផ្លូវម្ខាងទៀត ដែលមានស្រាប់តែប៉ុណ្ណោះ៕ ឆ្លាម សមុទ្រ