ភ្នំពេញៈ អគ្គីភ័យ ឆាបឆេះក្រុមហ៊ុន First Cambodia មួយកន្លែងស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីម៉ោងជាង៨យប់ថ្ងៃអង្គា ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្តាលអោយរងការខូចខាតសម្ភារមួយចំនួនធំបង្កកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ ។
អាជ្ញាធរមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយប្រជាពលរដ្ឋបានឃើញផ្សែងហុយចេញពីបន្ទប់ជាន់ទី១ នៃទីក្រុមហ៊ុន First Cambodia ក៏បានរាយការណ៍មកអាជ្ញាធរ ..ហើយភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានបានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ ,កម្លាំងប៉ុស្តិ រួមជាមួយកម្លាំងប្រជាការពារខណ្ឌ,សង្កាត់ សហការជាមួយកងកម្លាំងបង្កានឹងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ពន្លត់អណ្តាតភ្លើងដែលកំពុងឆាប់ឆេះក្នុងបន្ទប់អគារ ក្រុមហ៊ុន First Cambodia ។ អាជ្ញាធរបន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ គឺដោយសារស្ថានភាពអគារដែលត្រូវរងការឆាប់ឆេះនេះពិបាកធ្វើអោយកងកម្លាំងទាញទុយោទឹកឡើងបាញ់ដល់បន្ទប់ជាន់ទី១ ប៉ុន្តែកម្លាំងអន្តរាគមន៍បង្កានឹងពន្លត់អគ្គិភ័យ បានបញ្ជារថយន្តពន្លត់អគ្គិភ័យខ្នាតធំដែលអាចដំឡើងទុយោបាញ់ចូលក្នុងបន្ទប់ដែលមានកម្ពស់ខ្ពស់ ទើបអាចគ្រប់គ្រងស្ថានការនៃអគ្គិភ័យនេះបានមិនអោយរាលដាលធំដុំដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរនោះ។
នាយការិយាល័យបង្កានឹងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក ព្រហ្ម យ៉ត បានអោយដឹងថា ទំហំនៃការឆាប់ឆេះនៅមិនអាចវាយតម្លៃបាននៅឡើយទេ តែសម្ភារដែលខូចខាតអាចភាគច្រើនជាគ្រឿងលំអរក្នុងបន្ទប់នឹងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្តោះ ដោយមិនមានប៉ះពាល់ដល់មនុស្សនោះទេ ។ លោកបន្តថាក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿងបានចុះមកដល់កន្លែងកើតហេតុ គឺរថយន្តរបស់ស្នងការរាជធានីភ្នុំពេញ១២គ្រឿង នឹង រថយន្តរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ១គ្រឿង ដោយប្រើទឹកទាំង១៣គ្រឿងតែម្តង ហើយចំពោះការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះគឺប្រើរយះពេលជាង២ម៉ោងទើបអាចគ្រប់គ្រងបានអោយរលត់សូន្យសុងទៅវិញ។
ជាមួយគ្នានោះដែលលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដែលចុះដល់ទីតាំងកើតហេតុផ្ទាល់ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានប្រុងប្រយ័ត្នអោយបានច្រើនចំពោះ ភ្លើងធុប ទៀន នឹងការប្រើប្រាស់ចរន្តខ្សែភ្លើង នឹងកំប៉ុងហ្គាស ព្រោះឱកាសបុណ្យចូលឆ្នាំចិន ក៏ខិតជិតមកដល់ដែល ដូច្នេះយើងត្រួវការពារនឹងប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត៕ ជ្រោយពេជ្រ