ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាបភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវបានម៉ូតូមួយគ្រឿងបានបើកយ៉ាងមកបុកពេញមួយទំហឹងនៅពេលដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៧ និងលេខ១១៨ ស្ថិតក្នុងភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់សាម៉ុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។
ដោយឡែកបុរសជាអ្នកបើកម៉ូតូត្រូវបានគេស្គាល់ឈ្មោះឡាច សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិទួលរការ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅសេរី២០១៧ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H1770 ក្នុងទិសដៅពីជើងទៅត្បូងមិនមានភ្លើងបំភ្លឺ បានបុកជនរងគ្រោះដើរឆ្លងផ្លូវទិសដៅពីកើតទៅលិច ។
សមត្ថកិច្ចខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូរងរបួសធ្ងន់បណ្តាលឲ្យបែកក្បាល និងត្រូវបានក្រុមគ្រួសាបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត រីឯអ្នកស្លាប់ក៏ត្រូវបានក្រុមគ្រួសានាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ។
ចំពោះម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីផងដែរ ៕ ចន្ថា