ខេត្តកំពង់ឆ្នាំង៖ យុវតីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត បុកជាមួយនឹងម៉ូតូពេញមួយទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤នាទីរសៀល ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៥ និងលេខ៨៦ ស្ថិតភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ភឹមសៅរ៉ា ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ និងអ្នករួមដំណើរជាមួយម្នាក់ទៀត មិនត្រូវបានសមត្ថកិច្ចឲ្យដឹងនោះឡើយ ។
សមត្ថកិច្ចបានឲ្យដឹង នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាវ៉េវ សេ១១០ ពាក់ស្លាកលេខកំពង់ឆ្នាំង១G-៣១៧៥ បើកបរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២P-៩៤១៤ ធ្វើដំណើរស្របទិសគ្នា ក៏បានចង្កូតទៅប៉ះផ្នែកខាងស្តាំម៉ូតូ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង និងម្នាក់ទៀតរងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។ ចំណែកឯកអ្នកបើកបររថយន្តឈ្មោះ គីម សុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោគខេត្តបានឲ្យដឹងថា រយះពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ករណីគ្រោះថ្នាកចរាចរណ៍ទូទាំងខេត្តកំពង់ឆ្នាំង បានកើតមានចំនួន៩លើក កើនឡើងចំនួន៦លើក បណ្តាលឲ្យមានអ្នកស្លាប់២នាក់ រងរបួសធ្ងន់ស្រាល១២នាក់ ៕ ចន្ថា