ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ​ក្រោយពីជិះម៉ូតូបុកគ្នានៅផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូម្នាក់មួយគ្រឿងក្នុងល្បឿនលឿន ខណៈដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ ៤៣២ កែងនិងផ្លូវលេខ​ ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ​​ មានម៉ូតូមួយគ្រឿងម៉ាក​ Wave S ពណ៌ក្រហម ពាក់ស្លាកលេខស៊េរីចាស់ ភ 4447 ភព1 ជិះដោយបុរសម្នាក់មិនស្គាល់អត្ត​សញ្ញា បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ និងស្របពេលនោះមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOM ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3506 បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងមកត្បូង(បញ្ច្រាស់គ្នា) យ៉ាងលឿន ហើយក៏បានបុកគ្នានៅផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ ជាម្ចាស់ម៉ូតូទាំងពីរគ្រឿងខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូក៏រងការខូចខាតជាខ្លាំងផងដែរ ។

ក្រោយកើតហេតុភ្លាមៗ រថយន្តសង្គ្រោះរបស់មន្ទីពេទ្យ សុខ លាភ មេត្រី ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះ ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំភាគីទាំងពីរមកដោះស្រាយគ្នាតាមក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖