ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ចេញពីក្លឹបទាំងស្ថានភាពស្រវឹងស្រា ហើយបានហៅរថយន្តតាក់ស៊ីជិះទៅចំការដូង ស្រាប់តែមកដល់មុខរោងកុនអង្គរ បានសួរអ្នកបើកតាក់ស៊ីថា ឃើញកាំភ្លើងខ្ញុំទេ មិនទាន់ឆ្លើយផងស្រាប់តែដកកាំភ្លើងខ្លីហើយបានរាលកៃមកបាញ់១គ្រាប់ ទៅលើអ្នកបើកបរតាក់ស៊ី នគររាជ ចំចង្កេះខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចមុខរោងកុនអង្គរ ផ្លូវមុនីរ៉េត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប៉ែន សាយ័ន្ត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅម្ដុំចំការដង ខណ្ឌដង្កោ ជាមន្ត្រីយោធា។ ជនរងគ្រោះមានឈ្មោះ ជុំ គា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នករត់តាក់សុី ស្នាក់នៅត្រពាងត្រសាំង ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មានពីរបុរសម្នាក់ជាអ្នករត់តាក់ស៊ីជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជនសង្ស័យខាងលើបានចេញពីក្លឹប ទាំងស្រវឹងស្រា ហើយបានទាក់ទងមកក្រុមហ៊ុន នគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះ បានបើករថយន្តមកដឹកបុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ ហើយពេលធ្វើដំណើរមកដល់មុខរោងកុនអង្គរ ស្រាប់តែជនសង្ស័យខាងលើបានសួរអ្នកបើកតាក់ស៊ីមានឃើញកាំភ្លើងរបស់គាត់ទេ មិនទាន់បានឆ្លើយផង ស្រាប់តែជនសង្ស័យបានដកពីចង្កេះហើយបានរាលកៃកាំភ្លើងខ្លីបាញ់១គ្រាប់ ទៅលើអ្នកបើកបរតាក់ស៊ី ចំចង្កេះខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅច្រកផ្លូវលំ នៅម្ដុំក្រោយសាលាសង្កាត់អូរឫស្សី១ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចខណ្ឌ៧មករា ចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យនិងបានដកហូតកាំភ្លើងខ្លី១ដើម ម៉ាក ប្រាហា មួយដើមបានតែម្ដង។
ចំណែកជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុននគររាជត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់ ។
ក្រោយកើតហេតុ ជនសង្ស័យខាងលើវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតីវិធី៕ ស រស្មី