ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀន៤៣កញ្ចប់ឯណោះ ។
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង៥និង៣០នាទី ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសំណង់មិនរៀបរយ ផ្លូវលំ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ មានការបញ្ជាពីលោក វរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ទើបកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ត្រី គង់គារ អធិការរង ទទួលផែនអន្តរាគមន៍ និង ការពារ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ និង កម្លាំងសាលាសង្កាត់ចាក់អង្រែលើ បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចកើតហេតុខាងលើ ដោយបានឃាត់ខ្លួនសង្ស័យចំនួន៤នាក់។
ជនសង្ស័យទី១ឈ្មោះ សួស ង៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ , ទី២-ឈ្មោះ ណាន សុវណ្ណ ហៅខ្វាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ , ទី៣-ឈ្មោះ សឿន ធារ៉ា ហៅម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ និងទី៤-ឈ្មោះ តួ ឃុនណារាជ ហៅតោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ៤៣ កញ្ចប់ថង់តូច ,ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន១ ,ទូរសព្ទដៃចាស់៣គ្រឿង ,ក្រដាសអាលុយមីញ៉ូមមួយចំនួន និង ទុយោរជ័រតូចៗមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្តទៀត៕ តាឡឹម