ខេត្តកណ្ដាលៈ កាលពីយប់ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៤នាក់បានព្រួតវាយតប់ទៅលើក្មេងមួយក្រុមទៀត បណ្ដាលឲ្យក្មេងមួយក្រុមដែលជាអ្នករងគ្រោះទទួលរងរបួសយ៉ាងដំណំ ។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមក្មេងបង្កបានរត់គេចខ្លួនបាតស្រមោល ។ ករណីខាងលើនេះបានកើតឡើង ត្រង់ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ក្រុមក្មេងបង្កមានគ្នា៤នាក់ ទី១-ឈ្មោះ ផន ភេទ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ធំ ទី២-ឈ្មោះ ជា ភេទប្រុស អាយុ២២ឆ្នាំ ទី៣-ឈ្មោះ វុធ ភេទប្រុស អាយុ២១ឆ្នាំ និងទី៤-ឈ្មោះ ជា ភេទប្រុស ។ ចំណែកឯជនរងគ្រោះមានចំនួន០៧នាក់ ទី១-ឈ្មោះ ណើប ហុកស្រ៊ីន ទី២-ឈ្មោះ វែន ជឿន ទី៣-ឈ្មោះ អោម តូច ទី៤-ឈ្មោះ សេង វ៉ាន់គង់ ទី៥-ឈ្មោះ មួយ ម៉ាប់ ទី៦-ឈ្មោះ ឈុំ រាត្រី និងទី៧-ឈ្មោះ សុខ ហេង ។ ជនរងគ្រោះទាំង៧នាក់នេះ មានរបួសត្រង់ជើង ,ក្បាលនិងចង្កេះ ។
បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំ ។ រីឯក្រុមក្មេងបង្កបានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពវាយតប់បង្ករបួសស្នាមរួច ។ ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកក្រុមក្មេងបង្កដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ