ព័ត៌មានទាន់ហេតុការណ៍៖

សុខ ឥសាន ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាកំពុងរំលោភប្រជាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានស្នើ ដល់ក្រសួងមានសមត្ថកិច្ចពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសកម្មភាពជាក់ស្តែងរបស់ក្រុមប្រឹក្សានេះដើម្បីការពារសិទ្ធិពលរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។

ការថ្លែងរបស់លោក សុខ ឥសាន បែបនេះបន្ទាប់ពីអ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិថាការកែប្រែរដ្ឋធម្មនុញ្ញនៅកម្ពុជាធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ។

លោក សុខ ឥសាន បានថ្លែងថា ការ អំពាវនាវរបស់ដែលហៅថា ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជានៅពេលថ្មីៗនេះបានអំពាវនាវកុំឲ្យប្រជាជនកម្ពុជាអញ្ជើញទៅបោះឆ្នោត។ ការអំពាវនាវនេះអាចចាត់ទុកថា របស់ ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអង្គការប្រឆាំងនៅកម្ពុជា។ របស់ដែល ហៅថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបាន រំលោភសិទ្ធិនយោបាយរបស់ពលរដ្ឋ។ របស់ ដែលហៅថាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជាអ្នករំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ របស់ដែលហៅថា ក្រុមប្រឹក្សាឃ្លាំមើល កម្ពុជាជាអ្នកធ្វើវិច្ឆេទកម្មនយោបាយនៅ កម្ពុជា ។

លោកបានបន្តថា ការធ្វើវិសោធនកម្ម ច្បាប់ដើម្បីដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រជាការពង្រឹងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះព្រះរាជាណាចក្រកម្ពុជាប្រកាន់របប

នយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាង១៥លាននាក់តម្កល់ព្រះមហាក្សត្រជាបុរសរដ្ឋដ៏កំពូលរបស់ជាតិខ្មែរជាទីគោរពសក្ការៈ ខ្ពង់ខ្ពស់បំផុត។ ដូច្នេះចាំបាច់ត្រូវមាន ច្បាប់ដាក់ទោសទណ្ឌទៅលើជនណាដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ ។

ការប្រមាថអង្គព្រះមហាក្សត្រក៏ចាត់ ទុកថា ជាការប្រមាថប្រជាជនកម្ពុជាទូទាំងប្រទេសដែរ។ បើប្រមាថប្រជាជនទូទាំង ប្រទេសមានន័យថា ជាការប្រមាថដល់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ ។

ដូច្នេះគំនិតទាំងឡាយដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរំលោភលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គណ បក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះ ឆ្នោតកំពុងកាន់អំណាចមិនអាចទទួលយកបានជាដាច់ខាត ចំពោះបណ្តាជនដែល ចង់ប្រមាថព្រះមហាក្សត្រ និងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

លោក សុខ ឥសាន បានបន្ថែមថា នៅកម្ពុជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មានការទូលំទូលាយដូចមានចែងនៅក្នុង មាត្រា៣១ និងមាត្រា៤១ ជំពូកទី៣នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ការបើក ទូលាយសិទ្ធិខាងការបញ្ចេញមតិត្រូវបានជនមួយចំនួននៅតែវាយប្រហារថា នៅ មានការបិទសិទ្ធិសេរីភាពខាងការបញ្ចេញមតិនេះដដែល។ ប៉ុន្តែសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅប្រទេសណាក៏មានព្រំដែនរបស់វាដែរមិនដែលមានតែសិទ្ធិហើយអត់ព្រំដែននោះទេ ។

ជាក់ស្តែងនៅប្រទេសម៉ាឡេស៊ីគ្រាន់តែ គូរូបត្លុកកំប្លែងចំអកប៉ះពាល់ដល់កិត្តិយស នាយករដ្ឋមន្ត្រីក៏ត្រូវតុលាការកាត់ទោស ឲ្យជាប់គុក១ឆ្នាំ និងពិន័យជាប្រាក់ជាង ៧.៧០០ដុល្លារដែរ។ ដូច្នេះរដ្ឋធម្មនុញ្ញបើក ទូលាយប៉ុនណាអនុវត្តប៉ុននោះបានហើយបើច្បាប់ហាមប៉ុនណាត្រូវអនុវត្តទៅទើបវាត្រឹមត្រូវ និងគ្មានទុក្ខដល់ខ្លួន ។

ជាមួយគ្នានោះដែរលោក សុខ ឥសាន ក៏បានលើកឡើងថា ក្រុមប្រឹក្សាឃ្លាំមើល កម្ពុជាក៏អាចហៅថា ជាក្រុមភេរវកម្មនៅ ក្នុងប្រទេសកម្ពុជាដែរដែលធ្វើសកម្មភាពប្រឆាំងចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែម្តង ។

លោកបានអំពាវនាវដល់ក្រសួងមាន សមត្ថកិច្ចមេត្តាពិនិត្យលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ និងសកម្មភាពជាក់ស្តែងរបស់ក្រុមប្រឹក្សានេះ តើវាស្របគ្នានិងត្រឹមត្រូវដែរឬទេ? ហើយស្នើឲ្យចាត់ វិធានការផ្លូវច្បាប់សមស្របចំពោះសកម្មភាពរបស់ពួកគេដើម្បីការពារសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖