ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅចំណុចព្រៃខៀវ ក្នុង ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែកបានប្រាប់ ឲ្យដឹងថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះពួកគាត់តែងតែឃើញមានប្រជាជនធ្វើចំណាកស្រុកមកពីខេត្តផ្សេងក្នុងមួយថ្ងៃៗចាប់ពី១៥ទៅ២០នាក់បានជិះរថយន្ដ និងម៉ូតូមានអមដោយម៉ាស៊ីនត្រង់សឺន័រ(រណារ យន្ត)កាំបិតពូថៅគ្រប់ៗដៃចូលមកចំណុច ខាងលើដើម្បីកាប់រុករានបំផ្លាញព្រៃឈើយកធ្វើអាជីវកម្មឲ្យមេឈ្មួញឈ្មោះ កែវ វុទ្ធី។
ប្រភពបន្តថាការកាប់បំផ្លាញព្រៃឈើនៅចំណុចខាងលើនេះ ជាពិសេសនៅដីព្រៃតំបន់អភិរក្សភ្នំព្រិចបានធ្វើឡើងដោយមានមេឈ្មួញឈ្មោះ កែវ វុទ្ធី ជាអ្នកបញ្ជា ហើយមេឈ្មួញឈ្មោះ កែវ វុទ្ធីនេះ មាន ជាប់ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនពីតុលាការ ផងដែរ ។
មេឈ្មួញម្នាក់នេះបានដាក់កូនចៅនៅកន្លែងដីទាំងនោះដើម្បីកាប់ឆ្ការព្រៃនិងដើមឈើធំៗយកទៅលក់បន្តដែលក្នុងនោះ មាន ទី១-ឈ្មោះ សេង ទូច, ទី២-ឈ្មោះ លេះ គិន, ទី៣-ឈ្មោះ ស៊ឹម ផ្លី, ទី៤-ឈ្មោះ ម៉ៅ ពិកា, ទី៥-ឈ្មោះ ស្រី ម៉ាស់, ទី៦- ឈ្មោះ ស្រី ប្រីយ។ មនុស្សទាំង៦នាក់នេះកំពុងសស្រាក់សស្រាំដាក់កូនឈ្នួលមានម៉ាស៊ីនត្រង់សឺន័រ កាំបិត ពូថៅ ចូលកាប់ រានព្រៃនិងដើមឈើយ៉ាងរង្គាល។ ជាមួយ គ្នានេះដែរគេឃើញមេឈ្មួញឈ្មោះ កែវ វុទ្ធី បានចាត់ចែងមនុស្សជំនិតក្រោមឱវាទ របស់គាត់មានគ្នា៦នាក់ផ្សេងទៀតដើម្បី ឲ្យដើរវាស់វែងដី និងកត់ឈ្មោះប្រមូល ប្រាក់ពីប្រជាពលរដ្ឋមកពីទីឆ្ងាយដែល ទិញដីនោះ ។
ចំណែកនៅជំរំរបស់គាត់មានមនុស្ស ចំនួន១៤គ្រួសារបានទទួលបង្កាន់ដៃកាន់កាប់ដី (ចុងសន្លឹក)គ្រប់គ្នាដែលមានក្បាល ដីទទឹង៥០ម៉ែត្របណ្តោយ១.០០០ម៉ែត្រ រួចទៅហើយដោយម្នាក់តម្រូវឲ្យបង់លុយមួយលានរៀលមុន។ ទាំងនេះនៅមិនទាន់ គិតពីគ្រួសារខ្លះបង់លុយឲ្យទៅលោក កែវ វុទ្ធី ចាប់ពី៧០០ដុល្លារទៅ១.៥០០ដុល្លារ យកដីតាមដីមុខ ឬដីក្រោយ ។
បើតាមសម្តីរបស់លោក ស្រេន ស្លេះ អាយុ៥៨ឆ្នាំ រស់នៅតំបន់ភូមិខាងលើបាន រៀបរាប់ថា ប្រជាជនដែលរស់នៅកាប់រាន ដីដំបូងមានចំនួន២៥១គ្រួសារតែមកដល់ បច្ចុប្បន្ននេះត្រូវបានអាជ្ញាធរដេញចេញពីកន្លែងរស់នៅរបស់ពួកគាត់អស់រយៈពេល២ឆ្នាំមកហើយ ។
លោកបានបន្តថា បើសិនជាដីទាំងនេះយកធ្វើជាសម្បត្តិរដ្ឋនោះពួកគាត់មិនតូច ចិត្តទេ តែផ្ទុយទៅវិញដីចំណុចនោះត្រូវបាន លេចចេញមនុស្សថ្មីមកដើរតួជាមេខ្យល់កៀរគរប្រជាពលរដ្ឋថ្មីៗមកពីចម្ងាយដើម្បី ប្រមូលប្រាក់ដាក់ហោប៉ៅខ្លួនឯងរួចចេញលិខិតក្លែងក្លាយបន្លំបោកប្រាស់ប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗមានទៅដល់៥៨៩ គ្រួសារឯណោះ ។
លោកបានបញ្ជាក់ថា ឈ្មោះ កែវ វុទ្ធី នេះកាលពីឆ្នាំកន្លងទៅក៏ធ្លាប់អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ដាក់ពន្ធនាគារម្ដងរួចមកហើយដោយសារតែដើរឆបោកប្រជាពល រដ្ឋបែបនេះ ។
ជុំវិញករណីខាងលើនេះលោក ឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែកបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា លោកបានទទួលព័ត៌មាននេះដែរ ហើយលោកក៏បានដឹកនាំកម្លាំងចុះទៅរកចាប់ បុគ្គលនោះពីរលើកមកហើយដែរតែពេល ចុះទៅដល់បុគ្គលនេះដឹងខ្លួនទាន់បានរត់ គេចបាត់។ ឥឡូវនេះលោកបានទទួលព័ត៌មានថ្មីថាមានករណីនេះកើតឡើងម្តង ទៀត ដូច្នេះលោកនឹងរាយការណ៍ទៅថ្នាក់លើចុះទៅបង្រ្កាបក្នុងពេលឆាប់ៗនេះ ដោយមិនឲ្យបុគ្គលនោះធ្វើអ្វីតាមតែចិត្តនោះឡើយ ។
តែយ៉ាងណាភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីមេឈ្មួញឈ្មោះ កែវ វុទ្ធី បានទេកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨ ៕ សហការី