ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគប់គ្រាប់ចូលផ្ទះស្ត្រីអ្នកលក់ឥវ៉ាន់ ចាបហួយមួយកន្លែងទាំងកណ្តាលអធ្រាត្របណ្តាលឲ្យស្រ្តីម្នាក់រងរបួស ។
ហេតុការណ៍គប់គ្រាប់បែកនេះ កើតឡើងនាវេលាម៉ោងជាង២២យប់ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មានឈ្មោះ ជួន ឈុន ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវបំបែងគ្រាប់បែកត្រង់ជើង ភ្លៅ និងមុខរងរបួសស្រាល ប្ដីឈ្មោះ ឌី ភិច អាយុ៥៥ឆ្នាំ មានមុខរបរ លក់ឥវ៉ាន់ចាបហួយ និងគ្រឿងទេស រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ករណីគប់គ្រាប់បែកចូលផ្ទះលក់ចាបហួយនេះ គឺអាចបណ្តាលមកពីរឿងគំនុំពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់បំផុត៕ ប៉ែន នួន