ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ហូត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ជា ហូត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសធ្ងន់ នៅគ្រាដែលលោកកំពុងធ្វើចរាចរណ៍បម្រុងបត់ចូលខណ្ឌរដ្ឋបាលខេត្តពោធិ៍សាត់ ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសង់ធំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាពីកន្លែងកើតហេតុបានឲ្យដឹងថា ឃើញរថយន្ត ១គ្រឿងម៉ាក ត្រៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 17 2-0722 បើកបរដោយឈ្មោះ ជា ហូត ភេទប្រុស មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មានមុខងារជានាយផ្នែករដ្ឋបាលព្រៃឈើវាលវែង បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ចូលខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ខណៈនោះស្រាប់តែមានរថយន្តដឹកម៉ាសុីនច្រូតស្រូវ១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នាបានបុកពេញទំហឹងតែម្តង ។

ប្រភពខាងលើបន្តថា រថយន្តដឹកម៉ាសុីនច្រូតស្រូវ ដែលបានបុករថយន្តលោក នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងខាងលើម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3C 7146 បណ្ដាលឲ្យលោក ជា ហូត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងយ៉ាងធ្ងន់ធ្ងរ ។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក បញ្ជូនបន្តទៅឯខេត្តបាត់ដំបងវិញ ដោយឡែក៖ វត្ថុតាងរថយន្តដឹកម៉ាសុីនច្រូតស្រូវយកមកទំលាក់ចូលឃ្លាំង ទើបបន្តយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ត្រៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ17 និងរថយន្តម៉ាក ហុីយ៉ាន់ដាយ ដឹកម៉ាសុីនច្រូតស្រូវខាងលើ មជ្ឈដ្ឋាននានាលើកឡើងថា ការដែលដឹកម៉ាសុីនច្រូតស្រូវមកទម្លាក់ទុកចូលក្នុងឃ្លាំងនេះ អាចមានអ្វីៗៗៗជាមួយនគរបាលហើយ៕ ប៉ឹម ពិន


ចែករំលែក៖