ភ្នំពេញ ៖ មន្ត្រីកាំកុងត្រូលបានរកឃើញ ថា ដេប៉ូប្រេងឥន្ធនៈតេលាឈ្មោះ «KTK ជ្រោយអំពិល» នៅតែបន្តរឹងរូសលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ និងយកប្រេង ធម្មតាបន្លំធ្វើជាប្រេងស៊ុបពែរ មិនព្រមកែប្រែតាមការណែនាំរបស់មន្ត្រីកាំកុងត្រូលនោះឡើយ ។
បន្ទាប់ពីបានពិនិត្យឃើញដូច្នេះមន្ត្រី កាំកុងត្រូលបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដើម្បីឈានទៅអនុវត្តច្បាប់បិទដេប៉ូមួយនេះតែម្តង ។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ការ ្របការកែ្លងបន្លំនៃអគ្គនាយកដ្ឋានកាំកុង ត្រូលក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តនៅថ្ងៃ សុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨បានចុះត្រួតពិនិត្យបរិមាណនិងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូមួយចំនួនដែលធ្លាប់ធើ្វកិច្ចសន្យាក្នុងការត្រួតពិនិត្យដំបូងរួចមកហើយជាមួយ អគ្គនាយកដ្ឋានដែលមានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងគោលបំណងតាមដានរកភាពអនុលោមទៅតាមការកែតម្រូវឱ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់ ។
លោក គឿន ភិរុណ បានបញ្ជាក់ថា ការ ត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹង កន្លែងដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែក សន្ទស្សន៍អុកតាន និងសេតានវិញគឺប្រើ ឧបករណ៍ក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត។ ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយនិង ដេប៉ូដែលធ្លាប់មានបញ្ហាកង្វះរង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងឥន្ធនៈទាំង៤កន្លែងឃើញថា មាន៣កន្លែងបានកែតម្រូវត្រឹមត្រូវតាមអនុលោមភាព។ ចំណែក១កន្លែងទៀតមានភាពរឹងរូសមិនព្រមកែតម្រូវនោះឡើយគឺដេប៉ូតេលា «KTK ជ្រោយអំពិល» ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ សង្កាត់ជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញដែលមានតំណាងដេប៉ូឈ្មោះ ផន សុភា ។
លោក គឿន ភិរុណ បានអះអាងថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈបាន រៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដើម្បីពិចារណាចំពោះម្ចាស់ស្ថានីយដេប៉ូដែលមិនព្រមកែតម្រូវ អំពីការព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំបញ្ឈប់ការធ្វើអាជីវកម្មតែម្តង ។
លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈរបស់អគ្គនាយក ដ្ឋានកាំកុងត្រូលនឹងបន្តត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈចូលរួមសហការជា មួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គ នាយកដ្ឋានកាំកុងត្រូលទៅតាមផ្លូវច្បាប់៕ ហេង សូរិយា