ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់មេខ្យល់ម្នាក់បោកស្ត្រីខ្មែរឲ្យរៀបការជាមួយបុរសចិន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបការជួញដូរមនុស្ស១ករណីដែលក្រុមមេខ្យល់ដើរបោកជនរងគ្រោះថានឹងឲ្យទៅរៀបការជាមួយ ជនជាតិចិននៅប្រទេសរបស់គេ។ ក្នុង នោះសមត្ថកិច្ចបានសង្គ្រោះនារីរងគ្រោះ២នាក់ដោយម្នាក់ជាអនីតិជនបានរំដោះមកពីប្រទេសចិន និងម្នាក់ទៀតបានទប់ស្កាត់ទាន់ពេលវេលារួចផុតពីការជួញដូរ ព្រម ទាំងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន២នាក់ផងដែរ ។

ករណីជួញដូរមនុស្សនេះកើតឡើង តាំងពីអំឡុងខែមេសា ឆ្នាំ២០១៧ ដែល ដំបូងឡើយក្មេងស្រីម្នាក់ឈ្មោះ ប.ផ. អាយុ ១៦ឆ្នាំ ត្រូវបានស្ត្រីម្នាក់ជាជនជាតិខ្មែរលួង លោមឲ្យរៀបការជាមួយជនជាតិចិនដោយរូបគេជាអ្នករត់ការឲ្យ។ ក្រោយពេលព្រមព្រៀងគ្នាហើយក្មេងស្រីរងគ្រោះក៏ត្រូវស្ត្រីមេខ្យល់ម្នាក់នោះនាំមករាជធានីភ្នំពេញ ជួបជាមួយស្ត្រីមេខ្យល់ម្នាក់ទៀតដើម្បីនាំទៅធ្វើប៉ាស្ព័រ។ បន្ទាប់មកនាំទៅទីក្រុង ហូជីមិញ ប្រទេសវៀតណាមជួបជាមួយ មេខ្យល់វៀតណាមទើបបន្តជិះយន្តហោះ ទៅកាន់ទីក្រុងហាណូយ ហើយជិះរថយន្ត តាក់ស៊ីទៅកាន់ព្រំដែនវៀតណាមជាប់ខេត្តក្វាងចូវប្រទេសចិនរួចទើបដើរកាត់ព្រៃភ្នំលួចឆ្លងដែនចូលទៅប្រទេសចិនតែម្តង ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ថា តាមផ្លូវនៅក្នុងព្រៃលើភ្នំពេលដើរឆ្លងដែនពី ប្រទេសវៀតណាមទៅប្រទេសចិនរូបនាងត្រូវបានបានមេខ្យល់វៀតណាមចាប់ រំលោភរួចទៅហើយទើបប្រគល់ទៅឲ្យ មេខ្យល់ជនជាតិចិនបន្ត ។

ពេលទៅដល់ទឹកដីចិនរូបនាងត្រូវបានក្រុមមេខ្យល់ឃុំទុកមួយសប្តាហ៍ទើបហៅ បុរសចិន៦នាក់មកមើលប្អូនស្រី។ ពេល នោះក៏មានបុរសម្នាក់ពេញចិត្តព្រមទិញ ប្អូនស្រីក្នុងតម្លៃ១២ម៉ឺនយ័នសម្រាប់រយៈពេល១ខែ ពេលនោះក្នុង១ថ្ងៃប្អូនស្រីត្រូវគេបង្ខំរួមភេទ២ទៅ៣ដង ។

ក្រោយមកបុរសចិនទី១បានប្រគល់រូប នាងឲ្យទៅមេខ្យល់វិញ។ បានមួយរយៈមេខ្យល់នោះក៏លក់ប្អូនស្រីទៅឲ្យបុរសចិនទី២ ក្នុងតម្លៃ១៣ម៉ឺនយ័នសម្រាប់រយៈពេល ១ខែកន្លះ ហើយបុរសទី២នោះក៏ទុកប្អូនស្រីសម្រាប់បម្រើផ្លូវភេទ២ទៅ៣ដងក្នុង មួយថ្ងៃដូចគ្នា ។

ក្រោយពេលបញ្ចប់ពីការបម្រើកាម គុណបុរសទី២មួយរយៈក្រោយមកមេខ្យល់ក៏បានលក់ប្អូនស្រីទៅបុរសចិនទី៣ ក្នុងតម្លៃ៦ម៉ឺនយ័ន ហើយបុរសទី៣នោះក៏បានយកប្អូនស្រីទៅរស់នៅជាមួយក្នុងតំបន់ព្រៃភ្នំដាច់ស្រយាលពីទីក្រុងដោយរស់នៅ ក្នុងនាមជាអ្នកបម្រើផ្លូវភេទផង និងជាអ្នកបម្រើដាច់ថ្លៃក្នុងផ្ទះផង។ ក្នុងនោះប្អូនស្រីត្រូវគេបង្ខំឲ្យរួមភេទគ្រប់ពេលទៅតាមចិត្តដែលគេចង់ និងត្រូវនៅបម្រើយាយចាស់ម្នាក់ក្នុងផ្ទះ ព្រមទាំងធ្វើការងារផ្ទះសព្វមុខទាំងអស់ដោយមិនឲ្យចេញទៅណាឡើយ។

ក្រោយពេលរស់នៅជាមួយបុរសចិនទី៣អស់រយៈពេលប្រហែល២ខែកន្លះនៅថ្ងៃមួយរូបនាងបានរកឱកាសលួចយកទូរស័ព្ទ ទំនាក់ទំនងមកកាន់គ្រួសារនៅឯប្រទេសកម្ពុជា ។

ក្រោយពីគ្រួសារនាង ប.ផ. បានទទួល ដំណឹងពីរូបនាងភ្លាមក៏បានពិភាក្សាគ្នាឲ្យ ជីដូនឡើងមកភ្នំពេញចូលជួបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ បញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងឲ្យជួយដល់ប្អូនស្រី។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងនិងមាន ការណែនាំយ៉ាងម៉ឹងម៉ាត់ពីនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវ ជួយសង្គ្រោះរំដោះរូបនាងមកវិញឲ្យខាង តែបាន។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដាក់បញ្ជាដល់កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវយ៉ាងស្និទ្ធស្នាលជាមួយក្រុម គ្រួសារជនរងគ្រោះរហូតឈានដល់ឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរម្នាក់ឈ្មោះ ស៊ុំ ចំរើន ហៅលីលី ហៅលីហ្សា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ហើយបានទប់ស្កាត់ ស្ត្រីរងគ្រោះម្នាក់ផ្សេងទៀតឈ្មោះ ស.ល. រួចផុតពីការជួញដូរ ខណៈដែលនារីរង គ្រោះម្នាក់នេះត្រូវបានមេខ្យល់ឈ្មោះ ស៊ុំ ចំរើន បម្រុងនាំទៅលក់នៅប្រទេសចិនជា បន្តទៀត ។

រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាក់ទងនារីរងគ្រោះឈ្មោះ ប.ផ. នៅ ប្រទេសចិនបានតាមរយៈទូរស័ព្ទដោយនារីរងគ្រោះលួចទំនាក់ទំនងមកដោយផ្ទាល់។ នៅពេលនោះលោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្សនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានណែនាំឲ្យលួចរត់ ទៅកាន់ទិសណាដែលឮសន្ធឹករថយន្តរកផ្លូវទៅជួបជាមួយប៉ូលិសចិនដើម្បីឲ្យជួយនាំទៅកាន់ស្ថានទូតខ្មែរប្រចាំនៅទីក្រុង ប៉េកាំង។ បន្ទាប់មកកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញបានសហការជាមួយ នគរបាលជាតិក្រសួងមហាផ្ទៃ ក្រសួងកិច្ច ការនារី គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សក្រសួងការបរ ទេស និងអង្គការសម្ព័ន្ធចាប់ដៃដើម្បីរៀបចំសំណុំបែបបទ និងសំបុត្រយន្តហោះនាំយកនារីរងគ្រោះពីទីក្រុងប៉េកាំងមកកាន់កម្ពុជាវិញនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។

នៅទីបំផុតកងរាជអាវុធហត្ថរាជធានី ភ្នំពេញក៏បានជួយប្អូនស្រីរួចផុតពីអំពើជួញដូរ និងទាសករផ្លូវភេទព្រមទាំងបានជូនប្អូនស្រី ទៅដល់ស្រុកកំណើតបង្កើតបានជាក្តី រំភើបលាយឡំដោយទឹកភ្នែកពេញក្នុង រង្វង់គ្រួសារដ៏កម្សត់ ។

ក្រោយពីប្អូនស្រីរងគ្រោះបានរួចទុក្ខភ័យ ជួបជុំគ្រួសារវិញសមត្ថកិច្ចកងរាជអាវុធ ហត្ថរាជធានីភ្នំពេញក៏បន្តនីតិវិធីដោយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្ត កំពង់ចាមស្រាវជ្រាវឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ទៀតឈ្មោះ ឃឹម សុខខេង កាលពីថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមេខ្យល់ ម្នាក់នេះបានគេចខ្លួនអស់ជាច្រើនខែ និងបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាលទ្ធផលនៃការបង្ក្រាបអំពើជួញដូរមនុស្សនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរំដោះនារីរងគ្រោះជាអនីតិជនម្នាក់ពីប្រទេសចិនមកកាន់កម្ពុជាទប់ស្កាត់នារីម្នាក់ផ្សេងទៀតរួចផុតពីការជួញដូរ បញ្ជូនទៅស្រុកកំណើតជួបជុំគ្រួសារវិញ និងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន ២នាក់បញ្ជូនទៅតុលាការ ព្រមទាំងកំណត់ បានមុខសញ្ញាស្ត្រីខ្មែរម្នាក់បានប្តីចិនជាមេខ្លោងធំក្នុងការជួញដូរមនុស្សយ៉ាងសកម្មកំពុងតែគេចខ្លួនទៅប្រទេសចិន ។

តាមរយៈរឿងសោកសង្វេគដែលបានកើតឡើងជាក់ស្តែងនេះគឺជាបទពិសោធន៍ បង្ហាញថា អាពាហ៍ពិពាហ៍ក្រៅច្បាប់ជាមួយ ជនបរទេសជាការប្រថុយប្រថានដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាគួរជៀសវាងដាច់ខាត។ ក្នុងករណីមានការលួងលោម ពីបុគ្គលណាម្នាក់ដែលគ្មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានជាអំពើបោកបញ្ឆោតដែល អាចឈានទៅដល់ការជួញដូរមនុស្សយ៉ាងពិតប្រាកដ។ ដូច្នេះបើមានករណីលួង លោមទាំងនេះកើតឡើងសូមប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរឬសមត្ថកិច្ចដែលនៅជិតលោកអ្នកកុំបីខាន ៕ ហេង សូរិយា


ចែករំលែក៖