ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងនិងអស់ទ្រព្យសម្បត្តិគ្មានសល់

ចែករំលែក៖

ខេត្តសៀមរាប៖ ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង អស់ទ្រព្យសម្បត្តិគ្មានសល់ ខណៈពួកគាត់អង្គុយលេងនៅខាងក្រោមផ្ទះ មិនបានដឹងថាទុស្សេខ្សែភ្លើងនៅខាងលើនោះទេ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ ជិតសង្កាត់សាលាកំរើក ប្រមាណ៥០ម៉ែត្រ ក្នុងក្រុមទី៤ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ម្ចាស់ផ្ទះមានឈ្មោះ យន់ អាត ភេទប្រុសអាយុ៦០ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

លោកវរសេនីយ៍ទោ អ៊ុន ភីរម្យ នាយរងការិយាល័យបង្កាពន្លត់អគ្គិភ័យ​និងសង្គ្រោះនៃ​ស្នង​ការនគរបាលខេត្តសៀមរាប បានប្រាប់ថា មុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍មកថា មានភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ខណៈពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ រួចរាយការណ៍បន្ត ទៅឲ្យខាងសមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ដើម្បីបញ្ជូនរថយន្ដមកពន្លត់ ប៉ុន្តែត្រូវភ្លើងឆេះខ្លាំងឡើងៗ ទម្រាំរថយន្តមកដល់ ត្រូវបានភ្លើងឆេះអស់ពាក់កណ្តាលទើបរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត មកជួយពន្លត់ចំនួន៣គ្រឿង បាញ់ទឹកទាំង៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន៣គ្រឿង បាញទឹកអស់១គ្រឿង ទើបជួយឲ្យរលត់បាត់ទាំងស្រុងនៅវេលាម៉ោង៤និង១០នាទី ។

ក្រោយពេលកើតហេតុ ធ្វើអោយខូចខាត អស់ផ្ទះ១ខ្នង ទំហំ ៦ ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំង សង្ក័សី ថ្មក្រោម និង ទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង ព្រមទាំងឆេះរ៉ឺម៉ក់ម៉ូតូអស់១គ្រឿង និង ឆេះរថយន្តម៉ាក RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B ៤៩៧៤ អស់១ចំហៀងខាងឆ្វេង ។

បច្ចប្បន្ន ករណីឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាបនេះ សមត្ថកិច្ចនូវមិនទាន់បានដឹងការខាតបង់អស់ទឹកប្រាក់ប៉ុន្មាននោះទេ ៕ ប៊ុន រិទ្ធី


ចែករំលែក៖