ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចតុមុខ ឃាត់ខ្លួនចោរឆក់២នាក់ពីបទ លួចមានស្ថានទម្ងន់ទោសប្រេីអំពេីហិង្សា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិកាណាដាម្នាក់តែមិនបានសម្រេច ដោយសារជនរងគ្រោះដណ្តើមយកវិញបាន ភ្លាមនោះកម្លាំងល្បាតនៅក្បែរនោះអន្តរាគមន៍ចាប់ក្របួចបានតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំនុចខាងលិចសួនឌ្រីមលែន ផ្លូវព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

យោងតាមសម្តីលោក អ៊ឹម ផល្ពុន នាយកផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន២នាក់នេះ ទី១.ឈ្មោះ នៅ ចន្ទ័តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី12D នៃវិទ្យាល័យជាសីុមសាមគ្គី ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។ ទី២ .ឈ្មោះ វ៉ាន់ សុខធឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តុ ស្នាក់នៅផ្ទះលេខ៦៩២ ផ្លូវលេខ២៧១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោសប្រេីអំពេីហិង្សា ( ជិះម៉ូតូឆក់ទូរស័ព្ទដៃ ) ។ វត្ថុតាងចាប់យក: ម៉ូតូ01គ្រឿងម៉ាកសង់C125ព៏ណខ្មៅ លេខតួនិងលេខម៉ាសុីន9788926 និងពាក់ផ្លាកលេខ ភ្នំពេញ1GJ3535 (ជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព)។ ចំណែកជនរងគ្រោះឈ្មោះ CONNOR LEAPHILLIPS MY CROFF ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ HK609362មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ SLA BOUTIQUE HOSTEL ទីតាំងផ្ទះលេខ១៥ ផ្លូវលេខ១៧៤ ភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ចំពោះទូរស័ព្ទដៃម៉ាកXIOLOMIMI MIXZ ពណ៌ខ្មៅត្រូវបានជនរងគ្រោះដណ្តើមយកវិញបាន។

លោកអ៊ឹម ផល្ពុន នាយកផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានបន្តទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានធ្វើតេសទឹកនោម រកឃើញថា ពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់ ៕ ស តារា


ចែករំលែក៖