ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អង្គុយផឹកស៊ី ត្រូវបុរសម្នាក់ទៀត ទាញកាំបិតមកកាប់និងចាក់ជាច្រើនកាំបិតស្ទើរពេញខ្លួនរងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ដោយសារតែបុរសម្នាក់ទៀត បានប្រើកាំបិតមកកាប់និងចាក់ស្ទើរពេញដងខ្លួន ខណៈដែលកំពុងអង្គុយផឹកស៊ី ។ ចំណែកជនបង្ក ត្រូវប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ នាំគ្នាព្រួតវាយស្ទើរស្លាប់ផងដែរ ក្រោយកើតហេតុជនរងគ្រោះនិងជនបង្ក ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីហឹង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃចន្ទ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ​នៅចំណុចសួនខាងណាហ្គារវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានមកអង្គុយផឹកស៊ីនៅកន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត ដែលជាជនបង្កមិនដឹងថាស្រវឹងមកពីណាទេ បានមករករឿងអុកឡុកជនរងគ្រោះ រួចធ្វើសកម្មភាពកាប់និងចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ។ ភា្លមៗនោះប្រជាពលរដ្ឋនៅក្បែរនោះដោយមើលឃើញដង្វើដ៏ព្រៃផ្សៃរបស់ជនបង្កធ្វើទៅលើជនរងគ្រោះសាហាវពេក ក៏នាំគ្នាព្រួតវាយជនបង្កសល់តែដង្ហើមចង្រិត ហើយគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានហៅរថយន្តសាមុយមកដឹកជនរងគ្រោះនិងជនបង្ក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ ហើយអ្នកទាំង២នាក់នេះសមត្ថកិច្ចបានបញ្ជាក់ថាមិនទាន់ដឹងមូលហេតុនិងអត្តសញ្ញាណនោះទេ ព្រោះបច្ចុប្បន្នកំពុងព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ៕ស រស្មី


ចែករំលែក៖