ព័ត៌មានទាន់ហេតុការណ៍៖

បិទបញ្ចប់កីឡាអូឡាំពិក PyeongChang ៖ មេដាយមាសការបរទេសបានទៅលើប្រទេសកូរ៉េខាងជើង

ចែករំលែក៖

ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា កូរ៉េខាងជើង ស័ក្តិសមទទួលបានមេដាយ មាស ការបរទេស ក្រោយពេលប្រទេសនេះបានធ្វើការងារជាច្រើន មិនធ្លាប់មាន សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរគឺកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។

ក្រុមកីឡាករកូរ៉េខាងជើង បានចាក ចេញពីកូរ៉េខាងត្បូងដោយដៃទទេ មិន ទទួលបានមេដាយណាមួយនោះ ឡើយ ប៉ុន្តែទីក្រុងព្យុងយ៉ាង មានហេតុផលគ្រប់គ្រាន់ដើម្បីធ្វើពិធីអបអរសាទរ កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង ដែលបាននាំ មកនូវមេដាយដែលមានតម្លៃជាងនេះទៅទៀត។ ក្រុមអ្នកវិភាគលើកឡើងថាទីក្រុងព្យុងយ៉ាង ស័ក្តិសមទទួលបានមេដាយ មាសស្តីពីការខិតខំ ក្នុងទំនាក់ទំនងការ បរទេស។ តាំងពីដើមមក កូរ៉េខាងជើង មិនមានគម្រោងដណ្តើមមេដាយកីឡានៅទីក្រុង Pyeong Chang នោះឡើយ។

កីឡាករកូរ៉េខាងជើង ២២នាក់ មិន ទទួលបានមេដាយណាមួយឡើយ ប៉ុន្តែ អ្វីដែលទទួលបានជោគជ័យនោះ គឺការ ដង្ហែក្បួន ក្រោមទង់ជាតិរបស់កូរ៉េខាងជើងនិងកូរ៉េខាងត្បូង, ប្រធានាធិបតី មូន ជេអីុន ចាប់ដៃជាមួយប្អូនស្រីគីម ជុងអ៊ុន ក្នុង ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ។ នៅក្នុង ការបិទបញ្ចប់ ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានចាប់ដៃជាមួយប្រធានចារកម្មកូរ៉េខាងជើង ដែលរងការចោទប្រកាន់ពីបទបញ្ជា ឲ្យបាញ់ពន្លិចនាវាកូរ៉េខាងត្បូងសម្លាប់នាវិក៤៥នាក់។

កីឡាអូឡាំពិករដូវរងានៅព្យុងឆាង កូរ៉េ ខាងត្បូងបានបិទបញ្ចប់ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ដោយមានវត្តមានរបស់គណៈ ប្រតិភូកូរ៉េខាងជើង ដ៏សំខាន់នោះ គឺមេដឹកនាំយោធាជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Yong-chol។ ទន្ទឹមនឹងនេះ ក៏មានវត្ត មានលោកស្រី អ៊ីវ៉ាន់កា ត្រាំ តំណាងប្រតិភូ អាមេរិកផងដែរ។

ក្រោយការបិទបញ្ចប់កីឡាអូឡាំពិករដូវរងាកូរ៉េខាងជើង ក៏បានបង្ហាញពីទស្សនៈចង់ពិភាក្សាជាមួយអាមេរិកផងដែរ ដើម្បី បញ្ចប់វិបត្តិនៅឧបទ្វីបកូរ៉េ។

ក្រុមអ្នកឯកទេសធ្លាប់បានលើក ឡើង ថា ដល់ពេលវេលាដែលអាមេរិក ត្រូវតែ បញ្ចប់ការបំបែក បងប្អូនកូរ៉េទាំងពីរទៀត ហើយ ដល់ពេលដែលត្រូវផ្សះផ្សារួបរួម គ្នាហើយ ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។តាំពីដើមមកកូរ៉េខាងជើង តែងតែចោទ ប្រកាន់អាមេរិក ថាមានបំណងចង់ឈ្លានពានកូរ៉េខាងជើងជានិច្ច ទើបអាមេរិកមិនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើង តាំងពីសង្គ្រាមឆ្នាំ១៩៥០ ដែឡបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ដោយបទឈប់ បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពនោះ ឡើយ ហើយកូរ៉េខាងជើងក៏បានស្នើជាច្រើនលើកតែអាមេរិកមិនព្រម។

កីឡាអូឡាំពិកព្យុងឆាង ឆ្នាំ២០១៨ ត្រូវបានប្រសិទ្ធនាមថា ជា«កីឡាសន្តិភាព»ៈ

បូកសរុបព្រឹត្តការណ៍ទៅ គឺគ្មានហេតុការណ៍ប៉ះទង្គិចធំដុំអ្វីកើតឡើងនោះទេ ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក។ សន្តិភាពនេះ គឺសំដៅលើការស្រុះស្រួល ផ្សះផ្សាគ្នារវាងប្រទេសបងប្អូនកូរ៉េទាំង២នោះហើយ ព្រោះតែមានវត្តមានកីឡាករ និងគណៈប្រតិភូកូរ៉េខាងជើង ក្នុងទឹកដី កូរ៉េខាងត្បូងនេះឯង។ នេះជាទង្វើផ្សះផ្សាគួរឲ្យកត់សម្គាល់ ព្រោះថាមុននេះបងប្អូនកូរ៉េទាំង២មានសភាពតានតឹងនឹងគ្នាគួរ សមដែរ ដោយសារតែការគំរាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការផ្សះផ្សាគួរឲ្យកត់ សម្គាល់នេះ ជាក់ស្តែងយើងឃើញថា កីឡា​ការិនីកូរ៉េល្បែងHockey ជនជាតិកូរ៉េ ខាងត្បូងនិងខាងជើង មានវត្តមានក្នុងក្រុមប្រកួតតែមួយ។ ប្អូនស្រីលោកគឹម ជុងអ៊ុន គឺលោកស្រីគឺម យ៉ូចុង ក៏បានមកចូលរួមសម្ពោធកីឡាព្យុងឆាងនេះទៀត ហើយថែមទាំងអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន ឲ្យទៅចូលរួមជំនួបកំពូលនៅទីក្រុងព្យុងយ៉ាងទៀតផង។ លើសពី នេះ ក៏មានវត្តមានក្រុមរាំនារីកូរ៉េខាងជើង ក្នុងអំឡុងពេលប្រកួត២ជាងសប្តាហ៍នេះដែរ។

នៅថ្ងៃបិទបញ្ចប់កីឡាអូឡាំពិក កាលពី អាទិត្យកន្លងទៅនេះ ក៏មានវត្តមានគណៈប្រតិភូសំខាន់ៗដូចជាមេដឹកនាំយោធាជាន់ខ្ពស់កូរ៉េខាងជើង លោកKim Yong-chol លោក Choe Kang ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប ខាងកិច្ចការអាមេរិក។ លោក Kang បម្រើការនៅក្រសួងការបរទេសកូរ៉េខាងជើង។ វត្តមានរបស់លោកត្រូវបានគេមើលឃើញថា កូរ៉េខាងជើងប្រហែល ចង់បង្ហាញបំណងបើកចំហការចរចាណា មួយជាមួយសហរដ្ឋអាមេរិក ព្រោះថា ថ្ងៃអាទិត្យនោះ ក៏មានវត្តមានលោកស្រីអ៊ី វ៉ាន់កា ត្រាំ ជាកូនស្រីលោកដូណាល់ ត្រាំ តំណាងប្រតិភូអាមេរិកដែរ។ ទោះជាយ៉ាង នេះក្តី ក៏ខាងអាមេរិកប្រាប់ថា គណៈប្រតិភូរបស់ខ្លួនគ្មានគម្រោងជជែកគ្នាជាមួយប្រតិភូកូរ៉េខាងជើងទេ។

ប្រទេសកូរ៉េទាំង២បានធូរស្រាលនឹងគ្នាវិញបានយូរប៉ុនណានោះគឺ គេនៅមិន ទាន់អាចដឹងទេ។ វត្តមានមេដឹកនាំយោធាជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Yong-chol ក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកថ្ងៃអាទិត្យកន្លងទៅនេះ គឺជាវត្ត មានដ៏ចម្រូងចម្រាស ធ្វើឲ្យក្រុមប្រឆាំងអភិរក្សនិយមកូរ៉េខាងត្បូងខឹងសម្បាជាខ្លាំង។ ក្រុមអភិរក្សចោទថា លោកគីម ជាឧក្រិដ្ឋ​ជនសង្គ្រាម។

ដើមទងនៃរឿងរ៉ាវនេះ គឺកើតចេញពីគ្រោះលិចកប៉ាល់ចម្បាំងកូរ៉េខាងត្បូង កាលពីឆ្នាំ២០១០។ គេសង្ស័យថា លោក Kim Yong-chol នេះ អាចគ្រប់គ្រងការិយា ល័យទូទៅមូយ នៃផ្នែកចារកិច្ចកូរ៉េខាង ជើង ហើយអាចបានបញ្ជាឲ្យវាយប្រហារកប៉ាល់ចម្បាំងកូរ៉េខាងត្បូង ធ្វើឲ្យស្លាប់ មនុស្ស៤៦នាក់។ កូរ៉េខាងជើងតែងបដិ សេធថា មិនជាប់ពាក់ព័ន្ធហេតុការណ៍នេះ ទេ។ ដោយសាររឿងពីមុនមកនេះ តាំងពី ថ្ងៃសុក្រ រហូតដល់ថ្ងៃសៅរ៍ ចូលព្រឹកថ្ងៃ អាទិត្យនេះទៀត មានបាតុកម្មក្នុងប្រទេសកូរ៉េខាងត្បូង ប្រឆាំងវត្តមាន មេយោធាកូរ៉េ​ខាងជើង Kim Yong-chol។ តំណាងរាស្រ្តអភិរក្សក្នុងស្រុកមួយចំនួនទាមទារឲ្យចាប់ខ្លួនលោក Kim Yong-chol។ កន្លងមក កូរ៉េខាងត្បូងក៏បានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងលោកគីមនេះដែរហើយ។

ពេលនេះ គេនៅចាំមើលទៀតពីការវិ វត្តទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២។ ព្រោះថា ស្ថានការណ៍អាចតានតឹងឡើង វិញ ដោយសារតែលោកដូណាល់ ត្រាំ ទើបនឹងប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានថែមទៀត ទៅលើក្រុងព្យុង យ៉ាង។ កូរ៉េខាងត្បូងក៏នឹងបន្តសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក ក្រោយកីឡា ប៉ារ៉ាឡាំពិក ខែមីនាខាងមុខនេះដែរ។ ដូចយើងធ្លាប់ដឹងហើយ សមយុទ្ធយោធា រួមគ្នានេះ មិនធ្វើឲ្យកូរ៉េខាងជើងសប្បាយចិត្តទេ៕ ម៉ែវ សាធី

 


ចែករំលែក៖