ខេត្តកំពង់ធំ៖ កម្លាំងស្នងការនគរបាលខេត្តកំពង់ធំសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុចិត្រ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំរីង បានធ្វើការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសច្រៀកឈើ មួយកន្លែង គ្មានច្បាប់អនុញ្ញាត ។
ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ ព្រេន ឃុំ សុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះ បានធ្វើឡើង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំឈានដល់ឃាត់ខ្លួនជនសង្ស័យម្ចាស់ម៉ាស៊ីនឈ្មោះ ហង្ស វុន ភេទប្រុស អាយុ ២២ឆ្នាំ ប្រពន្ធឈ្មោះ ឃន សុខវន ភេទ ស្រី អាយុ ២០ឆ្នាំ និងដកហូត ម៉ាស៊ីនច្រៀកឈើ មួយគ្រឿង, ឈើក្តារប្រភេទលេខ ២(ផ្អុង, ក្ដួច, កំបោ,) ចំនួន ១០១សន្លឹក ស្មើនឹង ១,៦ម៉ែត្រគីប និងឈើតាប់ ឈើទាលចំនួន ២ដុំស្មើនឹង០,៣ម៉ែត្រគីប៕ ប៊ុន រិទ្ធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច