ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ប្រគល់រថយន្តសង្គ្រោះ និងរទេះជនពិការ ជូនសាខាទាំង២៥រាជធានី/ខេត្ត

ចែករំលែក៖

ភ្នំពេញៈ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដល់សាខាកាកបាទក្រហមខេត្តសៀមរាប និង១គ្រឿងទៀត ដល់ខេត្តស្វាយរៀង ព្រមទាំងប្រគល់រទេះពិការចំនួន ៥៥០គ្រឿង ជូនដល់សាខាកាកបាទក្រហម ទាំង២៥រាជធានី-ខេត្ត ផងដែរ ។

ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្នាក់ការកាកបាទក្រហមកម្ពុជា មានទីតាំង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់រទេះពិការចំនួន ៥៥០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន Salient Ventures Holiday Co.Ltd. ដល់សាខាកាកបាទក្រហមនីមួយៗ គឺសម្រាប់យកទៅចាត់ចែងជូនដល់ជនពិការ ដែលជាអ្នកងាយរងគ្រោះបំផុតឲ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ដោយឡែក ចំពោះរថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ជាអំណោយរបស់កាកបាទក្រហមចិន ដែលផ្តល់ជូនសាខាកាកបាទក្រហមខេត្តសៀមរាប និងខេត្តស្វាយរៀង គឺដើម្បីជួយដល់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងដោយសារ សាខាខេត្តទាំង២នេះ ជាដៃគូសហប្រតិបត្តិការជាមួយកាកបាទក្រហមចិន តាំងពីឆ្នាំ២០១៤មកម្ល៉េះផងនោះ។

បន្ទាប់មកតំណាងសាខាកាកបាទក្រហមនានាដែលបានមកទទួលអំណោយនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយបានផ្តល់នូវអំណោយមនុស្សធម៌ដល់សាខាកាកបាទក្រហមខេត្ត-ក្រុង រាជធានី នូវសម្ភារដូចខាងលើ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ចាំបាច់៕ ប្រាថ្នា


ចែករំលែក៖