ព័ត៌មានទាន់ហេតុការណ៍៖

សុខ សោម៉ាវត្តី រំពឹងខ្ពស់លើរឿងទី២គឺរឿង«ក្រមុំចាស់ ប៉ះកំលោះស្ទាវ»

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម មហាហង្សគឺរឿង«ក្រមុំចាស់ ប៉ះកំលោះស្ទាវ» បានប្រកាសសម្ពោធចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២៧ខែកុម្ភៈនេះហើយ។ តួអង្គឯកសំខាន់ដែលធ្លាប់រុញច្រានឲ្យរឿងជាច្រើនទទួលបានជោគជ័យគឺ សុខ សោម៉ាវត្តី បានបង្ហាញក្តីរំបឹងខ្ពស់ថាភាពយន្តបែបកំប្លែងស្នេហាប្លែកៗមួយនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រភាពយន្តខ្មែរ។

តារាស្រីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី បានអះអាងថាភាពយន្តមួយទទួលបានជោគជ័យ ឬមិនជោគជ័យ មិនមែនដោយសារតែតួសម្ដែងមួយមុខនោះទេ គឺពាក់ព័ន្ធច្រើនយ៉ាងជាមួយនឹងសាច់រឿង ការដឹកនាំសម្ដែង និងគុណភាពផលិតតែម្ដង ។នាងថាកន្លងមកនាងធ្លាប់ទទួលបានការគាំទ្រពីអ្នកទស្សនាជាច្រើនតាមរយៈភាពយន្តខ្នាតធំមួយចំនួនហើយក្នុងនោះក៏មានក្នុងផលិតកម្មមហាហង្សផងដែរ។ នាងថាភាពយន្ត«ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ដែលនាងបានសម្ដែង និងទើបប្រកាសបើកសម្ពោធនៅពេលនេះ នឹងទទួលបានការគាំទ្រច្រើន ដោយសារតែផលិតកម្មមហាហង្សមានការទទួលស្គាល់ពីគុណភាពរួចទៅហើយ ហើយសាច់រឿងដែលនាងបានសម្ដែងក៏មើលទៅមានភាពទាក់ទាញខ្លាំង។ នាងថាភាពយន្តរបស់ផលិតកម្មមហាហង្សមួយនេះ ជាភាពយន្តក្រោយគេដែលនាងបានសម្ដែង ប៉ុន្តែមិនមានន័យថានឹងឈប់សម្ដែងឲ្យនោះទេដោយនាងនឹងរកពេលដកឃ្លាពីការរៀបចំមុខជំនួញដែលនឹងត្រៀមបើកនៅខែកក្កដា ។

អគ្គនាយកផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានអះអាងថា ភាពយន្តថ្មីចុងក្រោយរបស់សុខ សោម៉ាវត្តី អាចនឹងទទួលជោគជ័យខ្ពស់ព្រោះតែផលិតកម្មគិតពីគុណភាព នៃការផលិតជាចម្បង។ លោកថារឿងនេះនឹងចាប់ផ្តើមលក់សំបុត្រនៅថ្ងៃទី១ មីនា តទៅ។ សម្អាងលើតារាសម្ដែងសុទ្ធតែមានប្រជាប្រិយភាពនៅក្នុងសិល្ប: លោកថាភាពយន្តរឿង«ក្រមុំចាស់ប៉ះកំលោះស្ទាវ» ដែលចំណាយទុនអស់ជិត៥ម៉ឺនដុល្លារនឹងទទួលផ្លែផ្កា ដោយលោករំពឹងថានឹងទទួលបានចំណូលខ្ពស់មិនខុសពីរឿង«អ្នកនាងម្ចាស់ឡឺកឺ»ដែលធ្លាប់ផ្ទុះការគាំទ្រកាលពីឆ្នាំកន្លងទៅនោះទេ។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង ក្រមុំចាស់ប៉ះក្មេងស្ទាវ សម្តែងរួមដោយលោក ខេ(K) កញ្ញា ណាតាហ្សា លោក ឌីយ៉ាម៉ង់ កញ្ញា ម៉ៅ គឹម ធីតា លោក ថមមី លោក លឹម រដ្ឋា និងតារាប្រុសស្រីជាច្រើនរូបទៀត៕ វឌ្ឍនា


ចែករំលែក៖