ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកតាកូម៉ា បើកបុកទ្វារដែកចូលផ្ទះប្រជាពលរដ្ឋខ្ទេចរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារការបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ បង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តាលផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្តម៉ាកតូយ៉ូតា តាកូម៉ាមួយគ្រឿង (មិនចាំស្លាកលេខ) សង្ស័យអ្នកបើកស្រវឹងបានបើកយ៉ាងលឿន បុកចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យខូចខាតទ្វារ និងរបងផ្ទះយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះឡើយ ។

បើតាមសម្តីលោក ឥន្ទ វុត្ថា ដែលជាម្ចាស់ផ្ទះរងគ្រោះ ក៏បានឲ្យដឹងថា បន្ទាប់ពីបុកទ្វានិងរបងចូលផ្ទះរបស់គាត់ហើយនោះ បុរសជាអ្នកបើកបររថយន្តបង្ក ដែលមានក្មេងៗជិះនៅពីក្រោយផងនោះ បានបើកថយក្រោយបន្តិច រួចបើកឆ្ពោះទៅទិសខាងលិច សំដៅទៅរង្វង់មូលគួស្រូវ ក្នុងល្បឿនយ៉ាងលឿនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានត្រឹមតែធ្វើកំណត់ហេតុនិងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដែលដើម្បីកំណត់អត្តសញ្ញាណរថយន្តបង្កនេះ ៕ ស តារា


ចែករំលែក៖