ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​កូន​ភ្លោះពី​រ​នាក់​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​ ត្រូវ​នគរបាល​ ស្ទាក់​ដេញ​ចាប់​បាន​ទាំង​យប់​នៅ​ជិត​តោ​ពីរ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ពីមន្ត្រី​របស់​ស្នង​ការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា៖ នៅ​វេលា​ម៉ោង​២០​និង៣០​នាទី​ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ មាន​អំពើលួច​ ដោយ​ក្លាហាន​មួយកើតឡើង​ មាន​ចោរ​២នាក់ បាន​ជិះ​ម៉ូតូ​ មក​ឆក់​កាបូប​ជនជាតិ​ចិន​៦​នាក់​ ដែល​កំពុង​ដើរ​កំសាន្ត​ នៅ​ចំណុច មុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់​លេខ៣ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់​មក​បាន​បេីក​ម៉ូតូ​រត់​គេចខ្លួន​បាត់​តែម្តង​។

សមត្ថកិច្ចបន្ថា ម្ចាស់​កាបូប​ឈ្មោះ​ XIONG CAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ជា​អ្នក​ទេសចរណ៍ ស្នាក់នៅសណ្ឋាគារជីងតាវ នៅក្រុមទី​២២ ភូមិ៣ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ។ សំភារ:ដែលបាត់បង់រួមមាន កាបូបយួរដៃ ពណ៌ទឹកប៉ិច ១, កុំព្យូរទ័រយួរដៃ ១គ្រឿង, លុយ ១​០០​$, និងលិខិតឆ្លងដែន ៣ច្បាប់ ។

លោក​វរសេនីយ៍​ទោ​ លី​ សុខ​ហ៊ី​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពេល​ទទួល​បាន​ ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ បាន​បេីក​ប្រតិបត្តិ​ការ​ ​រុក​រក​ពួក​ក្រុម​ជ​ន​សង្ស័យ​ជា​បន្ទាន់​ ហេីយ​ដេញ​ស្ទាក់​ ចាប់បាន​ ជនសង្ស័យ​នៅ​ផ្លូវ​ឯករាជ្យ​ជិត​រង្វង់​មូល​តោ​ពីរ​ បាន​ចំនួន​២នាក់ ( ជា​បងប្អូនភ្លោះ ) ៖ ឈ្មោះ សោម រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ និងឈ្មោះ សោម រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ​ អ្នក​ទាំង​ពីរ​ ស្នាក់នៅ​ អគារ​បុគ្គលិក​កាស៊ីណូ​ ក្រោយ អិល.វី ភូមិ៣ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ។

ជាមួយ​នឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ ចាប់​យក​បាន​ វត្ថុតាងមាន​ ៖កាបូបយួរដៃ ពណ៌ទឹកប៉ិច ១, កុំព្យូរទ័រយួរដៃ ១គ្រឿង, លុយ ១០០​ $, លិខិតឆ្លងដែន ៣ច្បាប់, ម៉ូតូ ម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ​ ១គ្រឿង​ ស្លាកលេខៈ ព្រះសីហនុ 1B-8918 (ជា​មធ្យាបាយ​ ធ្វើសកម្មភាព )។

ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖