ខេត្តព្រះសីហនុ៖ ព័ត៌មានពីមន្ត្រីរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ មានអំពើលួច ដោយក្លាហានមួយកើតឡើង មានចោរ២នាក់ បានជិះម៉ូតូ មកឆក់កាបូបជនជាតិចិន៦នាក់ ដែលកំពុងដើរកំសាន្ត នៅចំណុច មុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់មកបានបេីកម៉ូតូរត់គេចខ្លួនបាត់តែម្តង។
សមត្ថកិច្ចបន្ថា ម្ចាស់កាបូបឈ្មោះ XIONG CAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅសណ្ឋាគារជីងតាវ នៅក្រុមទី២២ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។ សំភារ:ដែលបាត់បង់រួមមាន កាបូបយួរដៃ ពណ៌ទឹកប៉ិច ១, កុំព្យូរទ័រយួរដៃ ១គ្រឿង, លុយ ១០០$, និងលិខិតឆ្លងដែន ៣ច្បាប់ ។
លោកវរសេនីយ៍ទោ លី សុខហ៊ី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា៖ ក្រោយពេលទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានបេីកប្រតិបត្តិការ រុករកពួកក្រុមជនសង្ស័យជាបន្ទាន់ ហេីយដេញស្ទាក់ ចាប់បាន ជនសង្ស័យនៅផ្លូវឯករាជ្យជិតរង្វង់មូលតោពីរ បានចំនួន២នាក់ ( ជាបងប្អូនភ្លោះ ) ៖ ឈ្មោះ សោម រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ និងឈ្មោះ សោម រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ អ្នកទាំងពីរ ស្នាក់នៅ អគារបុគ្គលិកកាស៊ីណូ ក្រោយ អិល.វី ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជាមួយនឹងការចាប់ឃាត់ខ្លួននេះសមត្ថកិច្ច ចាប់យកបាន វត្ថុតាងមាន ៖កាបូបយួរដៃ ពណ៌ទឹកប៉ិច ១, កុំព្យូរទ័រយួរដៃ ១គ្រឿង, លុយ ១០០ $, លិខិតឆ្លងដែន ៣ច្បាប់, ម៉ូតូ ម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ ១គ្រឿង ស្លាកលេខៈ ព្រះសីហនុ 1B-8918 (ជាមធ្យាបាយ ធ្វើសកម្មភាព )។
ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ