ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាម្នាក់ឆក់ខ្សែភ្លើងរងរបួសធ្ងន់ យកទៅសង្គ្រោះនៅគ្លីនិកឯកជនទាន់ពេល

ចែករំលែក៖

ប៉ោយប៉ែត៖ យុវតីម្នាក់ជាសិស្សសាលាបឋមសិក្សាព្រហ្មនិមិត្ត ឆក់ខ្សែភ្លើងរងរបួសធ្ងន់ កាលម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសាលាបឋមសិក្សាព្រហ្មនិមិត្ត ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកលឹម រី នាយកសាលាខាងលើមានប្រសាសន៍ថាៈ យុវតីរងគ្រោះមានឈ្មោះ វ៉ាន់ ទេពី អាយុ១២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុរៀនថ្នាក់ទី៤(ក) ។

លោកបន្ថែមថាៈ មុនកើតហេតុម៉ោង៨និង៣៥នាទីព្រឹក ក្មេងរងគ្រោះរួមទាំងក្មេងប្រុស ស្រីជាច្រើននាក់ ដល់ម៉ោងសម្រាកសិក្សា(ចេញលេង) នៅទីធ្លាសាលា បាននាំគ្នារត់លេង តែយុវតីរងគ្រោះបានរត់រំលងខ្សែភ្លើងដែលជាង កសាងសាលាបឋមសិក្សាថ្មី ចំមុខដំណ ក៏បណ្ដាលឲ្យឆក់រងរបួសតែម្ដង។ ក្រោយពីមានភាពភ្ញាក់ផ្អើលលោកគ្រូអ្នកគ្រូនៅកន្លែងកើតហេតុបានយកមកសង្គ្រោះបន្ទាន់នៅក្នុងគ្លីនិកឯកជនមួយកន្លែងនៅទល់មុខកន្លែងកើតហេតុ ។ លោកថាៈ យុវតីរងគ្រោះរហូតមកដល់ម៉ោង១១និង៤៥នាទីថ្ងៃដដែលនេះ បានដឹងខ្លួនវិញហើយ ខណៈមានការជួយសង្គ្រោះទាន់ពេលរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកនៅក្នុងភូមិ ។

អ្នកឃើញហេតុការណ៍នៅក្នុងសាលាបឋមសិក្សាខាងលើនោះបានស្ដីបន្ទោសដល់ជាងសំណង់សាងសង់សាលារៀនថា គ្មានការប្រុងប្រយត័្នរាយខ្សែភ្លើងក្នុងទីធ្លាសាលា គ្មានសណ្តាប់ធ្នាប់ បង្កឲ្យសិស្សស្រីម្នាក់ឆក់រងរបួសធ្ងន់ ត្រូវយកទៅសង្គ្រោះនៅគ្លីនកឯកជនទាន់ពេលវេលា មិនបង្កគ្រោះថ្នាក់ដល់ជីវិតខ្វះការយកចិត្តទុកដាក់គិតគូជាមុន ធ្វើឲ្យមានគ្រោះថ្នាក់ដល់សិស្ស ទើបឃើញការៀបចំតាមក្រោយ ៕ វណ្ណា


ចែករំលែក៖