ភ្នំពេញ ៖ សង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យបានប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាព្រះមហាក្សត្រថា បានផឹកទឹកនោមរបស់វៀតណាមក្រៅពី នាយករដ្ឋមន្រ្តីនិងប្រជាជនខ្មែរ ។
ការប្រមាថដ៏ធ្ងន់ធ្ងររបស់សង្ឃ ប៊ុត ប៊ុនតិញ បែបនេះគឺនៅក្នុងកិច្ចសម្ភាសន៍ មួយជាមួយវិទ្យុអាស៊ីសេរីដែលជារបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សង្ឃ ប៊ុត ប៊ុនតិញ បានបញ្ជាក់យ៉ាង ដូច្នេះថា «រាល់ថ្ងៃនេះខ្មែរភ្នំពេញនិងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរវាំងហ្នឹងកន្លែងប្រសព្វទឹកចាក់មកក្បែរវាំង ហ្នឹង។ អ៊ីចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេស្តេចហ្នឹងក៏ ផឹកតែអាត្មាអ្នកសៀមរាបអត់មានផឹកទេគឺជីកអណ្តូងផឹក» ។
ការប្រមាថរបស់សង្ឃ ប៊ុត ប៊ុនតិញ ជាទង្វើដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានឡើយ និងជាទង្វើញុះញង់រើសអើង ពូជសាសន៍ ព្រមទាំងហាក់ដូចជាផ្គើននឹង វិសោធនកម្មថ្មីនៃក្រមព្រហ្មទណ្ឌដែលទើបនឹងធ្វើវិសោធនកម្មថ្មីត្រង់ចំណុចប្រមាថ ព្រះមហាក្សត្រហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេះការប្រមាថ អង្គព្រះមហាក្សត្រនឹងត្រូវទទួលទោស ជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យ ជាប្រាក់២លានដល់១០លានរៀល ។
វិសោធនកម្មច្បាប់នេះបានចែងយ៉ាង ដូច្នេះថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏ អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់១០ លានរៀលទៅ៥០លានរៀល ព្រមទាំង ទោសបន្ថែមមួយ ឬច្រើនក្នុងករណីតុលា ការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕ ហេង សូរិយា