ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់ បាននាំកូនប្រុសរបស់ខ្លួន២នាក់ តូចៗមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៣ ទាំងទឹកភ្នែករលីងរលោង ពេលដែលបាត់ប្រពន្ធរបស់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីរវេលាម៉ោ៧ និង៣០ព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ។
តាមការរៀបរាប់ពីបុរសនេះថា រូបគាត់ឈ្មោះ សុខ វិរះ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិរមៀត ឃុំកណ្តោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកប្រពន្ធរបស់គាត់ដែលបាត់ទៅមានឈ្មោះ អែល សោភា អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុក ភូមិជាមួយគ្នា ហើយពួកគាត់ទាំង២នាក់បានរៀបការជាមួយគ្នានៅឆ្នាំ២០០៦ ដោយបានចំណងដៃកូនប្រុស២នាក់ ។
ក្រោយពីរៀបការអស់រយៈពេល១២ឆ្នាំ ហើយបានបន្សល់បានកូនប្រុស២នាក់ ដោយមានជិវភាពខ្វះខាតក្នុងគ្រួសារ ពួកគាត់ក៏បានសម្រេចចិត្តនាំគ្នាចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញ ម្តុំលូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ ដោយរូបគាត់ជាប្តីប្រកបរបរជាសន្តិសុខឯកជន ចំណែកប្រពន្ធជាកម្មការិនីរោងចក្រ ។
ប្រភពបានបន្តទៀតថា មួយរយះចុងក្រោយនេះ មានលេខទូរសព្ទ័តេមកប្រពន្ធរបស់គាត់ជាសម្លេងមនុស្សប្រុស ហើយគាត់ក៏បានសួរប្រពន្ធរបស់គាត់ថានរណា តេមកអូនឯង ប្រពន្ធរបស់គាត់បានឆ្លើយថា គេច្រឡំលេខ ក្រោយមក ដោយគាត់មិនទុកចិត្តប្រពន្ធ ក៏ប្តូរលេខទូរសព្ទ័ឲ្យប្រពន្ធ ពេលនោះក៏នៅតែមានមនុស្សប្រុសតេមកដដែល ។
ប្រភពបន្តថា ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង៧ព្រឹក ប្រពន្ធរបស់គាត់បានចេញទៅធ្វើការបាត់ ហើយបាត់ខ្លួនរហូតដល់ថ្ងៃនេះ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រូបគាត់ក៏បាននាំកូនប្រុសរបស់គាត់ទាំង២នាក់ មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ដើម្បីដាក់ពាក្យបណ្តឹង រក្សាទុកឲ្យសមត្ថកិច្ចជួយដឹងឮ ។
ជាចុងក្រោយនេះ រូបគាត់បានសូមអង្វរកឲ្យប្រពន្ធរបស់គាត់វិលត្រឡប់មកផ្ទះវិញ ដើម្បីមើលថែកូន និងអនាគតកូនវិញ គាត់មិនប្រកាន់ទោសពីអ្វីនោះទេ ៕ ភារ៉ា ដង្កោ