ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់អាយុ​ ៧៨ឆ្នាំ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើល​ មួយបានកើតឡើង​ បន្ទាប់ពីមានការសង្ស័យដោយមិនឃើញស្ត្រីខាងលើចេញពីក្នុងផ្ទះតាំងពីព្រឹករហូតមកដល់ពេលល្ងាច​ រួចក៏បានរបាយការណ៍ប្រាប់ទៅមេភូមិឲ្យចុះមកពិនិត្យទើបដឹងថាគាត់បានស្លាប់ពីពេលណានោៈទេ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោ​ង​ ៦និង២០នាទីល្ងាច​ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ ដែលស្ថិតនៅចំណុចផ្ទះលេខ៤០២​បេ ផ្លូវបេតុង​ ក្រុម១៤​ ភូមិមិត្តភាព​ ​សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

សពស្ត្រីរងគ្រោះមានឈ្មោះ​ ឡោម​ សំឡី​ អាយុ​ ៧៨ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ​បានប្រាប់ឲ្យដឹងថា​ ជារៀងរាល់ដង​ គេតែងតែឃើញស្ត្រីខាងលើ​ ចេញពីក្នុងផ្ទះមកបោកសំអាតជារាល់ថ្ងៃ​ ស្រាប់តែនៅនឹងថ្ងៃនេះ​ មិនបានឃើញស្ត្រីនោះចេញពីផ្ទះមកឡើយ។ រហូតមកដល់ល្ងាចម៉ោង​ ៦និង២០នាទី​ថ្ងៃដដែល​ ដោយមានការសង្ស័យ​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបាននាំគ្នារាយការណ៍ប្រាប់ទៅអាជ្ញាធរ​ មេភូមិ​ និងសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ។

ក្រោយពីបានទទួលដំណឹងខាងលើរួចមក​ មេភូមិបានចុះមកដល់កន្លែងកើតហេតុ​ រួចបងប្អូនប្រជាពលរដ្ឋបាននាំគ្នាឲ្យមេភូមិឡើងតាមទ្វារផ្ទះចូលទៅខាងក្នុង​ ដោយសារតែទ្វារជាប់សោរ​ ហើយបងប្អូនប្រជាពលរដ្ឋបានប្រាប់ទៅលោកមេភូមិថា​ មិនអីទេ​ ចាំពួកគាត់ថតវិដេអូទុកធ្វើជាឯកសារ​ ដើម្បីការពារជូន​ខ្លាចមានបញ្ហាណាមួយកើតឡើង។ ភ្លាមៗនោះ​ ស្រាប់តែលោកមេភូមិបានឡើងតាមរបងទ្វារផ្ទះចូលទៅខាងក្នុង​ រួចក៏យកអ្វីមកគាស់សោរទ្វារឲ្យបើកចេញ​ ហើយក៏បានឲ្យបងប្អួនប្រជាពលរដ្ឋថតពីសកម្មភាពរបស់លោកទុក​ នៅពេលដែលចូលទៅខាងក្នុង​ ស្រាប់តែឃើញសពស្ត្រីខាងលើ​ បានដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ​ ដោយស្លាប់ទាំងអាក្រាតកាយ។

ក្រោយមក​ លោកមេភូមិបានរបាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ​ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឲ្យធ្វើកោសល្យវិច័្ចយ​ នៅពេលដែលសមត្ថកិច្ចពិនិត្យរួចបានបញ្ជាក់ថា​ សពស្ត្រីខាងលើពិតជាស្លាប់ដោយសារតែខ្យល់គរ​ ពិតប្រាកដមែន។ ចំណែកឯសពស្ត្រីខាងលើ​ ត្រូវសម្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ៕​ អរុណរៈ


ចែករំលែក៖