ភ្នំពេញ៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើង បន្ទាប់ពីមានការសង្ស័យដោយមិនឃើញស្ត្រីខាងលើចេញពីក្នុងផ្ទះតាំងពីព្រឹករហូតមកដល់ពេលល្ងាច រួចក៏បានរបាយការណ៍ប្រាប់ទៅមេភូមិឲ្យចុះមកពិនិត្យទើបដឹងថាគាត់បានស្លាប់ពីពេលណានោៈទេ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្ទះលេខ៤០២បេ ផ្លូវបេតុង ក្រុម១៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ឡោម សំឡី អាយុ ៧៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជារៀងរាល់ដង គេតែងតែឃើញស្ត្រីខាងលើ ចេញពីក្នុងផ្ទះមកបោកសំអាតជារាល់ថ្ងៃ ស្រាប់តែនៅនឹងថ្ងៃនេះ មិនបានឃើញស្ត្រីនោះចេញពីផ្ទះមកឡើយ។ រហូតមកដល់ល្ងាចម៉ោង ៦និង២០នាទីថ្ងៃដដែល ដោយមានការសង្ស័យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបាននាំគ្នារាយការណ៍ប្រាប់ទៅអាជ្ញាធរ មេភូមិ និងសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ។
ក្រោយពីបានទទួលដំណឹងខាងលើរួចមក មេភូមិបានចុះមកដល់កន្លែងកើតហេតុ រួចបងប្អូនប្រជាពលរដ្ឋបាននាំគ្នាឲ្យមេភូមិឡើងតាមទ្វារផ្ទះចូលទៅខាងក្នុង ដោយសារតែទ្វារជាប់សោរ ហើយបងប្អូនប្រជាពលរដ្ឋបានប្រាប់ទៅលោកមេភូមិថា មិនអីទេ ចាំពួកគាត់ថតវិដេអូទុកធ្វើជាឯកសារ ដើម្បីការពារជូនខ្លាចមានបញ្ហាណាមួយកើតឡើង។ ភ្លាមៗនោះ ស្រាប់តែលោកមេភូមិបានឡើងតាមរបងទ្វារផ្ទះចូលទៅខាងក្នុង រួចក៏យកអ្វីមកគាស់សោរទ្វារឲ្យបើកចេញ ហើយក៏បានឲ្យបងប្អួនប្រជាពលរដ្ឋថតពីសកម្មភាពរបស់លោកទុក នៅពេលដែលចូលទៅខាងក្នុង ស្រាប់តែឃើញសពស្ត្រីខាងលើ បានដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ ដោយស្លាប់ទាំងអាក្រាតកាយ។
ក្រោយមក លោកមេភូមិបានរបាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យធ្វើកោសល្យវិច័្ចយ នៅពេលដែលសមត្ថកិច្ចពិនិត្យរួចបានបញ្ជាក់ថា សពស្ត្រីខាងលើពិតជាស្លាប់ដោយសារតែខ្យល់គរ ពិតប្រាកដមែន។ ចំណែកឯសពស្ត្រីខាងលើ ត្រូវសម្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ៕ អរុណរៈ