ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឌៀមឌាមពាក្យសម្តីដាក់ក្រុមអ្នកឃាត់ម៉ូតូថា សូកអង្ករប៉ុន្មានបេ ទើបបានចូលធ្វើជាសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានខឹងសម្បារយ៉ាងខ្លាំង ក្រោយពីធ្វើដំណើរតាមបណ្តោយផ្លូវ ជិះម៉ូតូពាក់មួកសុវត្ថិភាពការពារត្រឹមត្រូវ ប៉ុន្តែដាក់កញ្ចក់តូចហើយកាច់ចុះក្រោមទៀត ស្មើរនឹងអត់កញ្ចក់ ហើយត្រូវសមត្ថកិច្ច ដែលកំពុងតែអនុវត្តច្បាប់ចរាចរណ៍ ចាប់ផាកពិន័យ បុរសរូបនេះ ខឹងសម្បារសមត្ថកិច្ច ហើយនិយាយឌៀមឌាមគួរឲ្យអស់សំណើចថា «យកអង្ករទៅសូកគេអស់បុន្មានបេរ ទើបបានចូលធ្វើជាសមត្ថកិច្ច?» ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងដែថា ពេលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ក៏ឃើញបុរសម្នាក់ឈ្មោះ អ៊ូ ហៃ អាយុ៣១ មុខរបរលក់ដូរ បានធ្វើដំណើរដោយម៉ូតូមួយគ្រឿង សេរីសង់ឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF 2050 បានធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ពាក់មួកការពារត្រឹមត្រូវ ប៉ុន្តែដាក់កញ្ចក់ខ្មៅតូច ហើយកាច់ចុះក្រោមទៀត ពេលនោះសមត្ថកិច្ចចាប់ណែនាំ និងឃាត់ទុកដើម្បីផាកពិន័យ បែរជាបុរសនេះខឹង និងតឹងសរសៃកដាក់សមត្ថកិច្ចទៅវិញ ឡូឡាដាក់សមត្ថកិច្ចថា គ្មានច្បាប់ឯណាចាប់ម៉ូតូដាក់កញ្ចក់ចុះក្រោមនោះទេ ហើយនៅតែមិនព្រមសហការជាមួយសម្ថតកិច្ចទៀត ក៏ចាក់សោកមូតូរបស់ខ្លួន និងបិទសន្ទះសោរួចដើរចេញធ្វើព្រងើយ ដោយប្រើពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ចទៀតផង ដោយប្រើពាក្យថា ត្រឹមតែម៉ូតូមួយគ្រឿងដុតចោលក៏បានដែរ ។

ដោយប្រើររយៈពេលប្រហែលជាង១០នាទី ទើបបុរសនោះរូបនោះបានចូលមកធ្វើ ក្រដាសដើម្បីផាកពិន័យ ។ ក្រោយពីបុរសរូបនោះទៅផាកពិន័យនៅឯកន្លែងជំនាញផ្នែកចរាចរណ៍ផ្លូវគោករបស់ខណ្ឌរួចមក ទើបសមត្ថកិច្ច ព្រមប្រគល់ម៉ូតូឲ្យទៅរូបគាត់វិញ ហើយណែនាំដល់រូបគាត់ផងដែរថា ការចុះអនុវត្តច្បាប់ចរាចរណ៍បែបនេះ មិនមែនធ្វើដោយចិត្តឯងនោះទេ គឺមានកាបញ្ជាពីថ្នាក់ដឹកនាំត្រឹមត្រូវ ហើយក៏មិនមែនត្រឹមតែអនុវត្តនោះដែរ ធ្វើដូច្នេះដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវ ដោយទោចក្រយាយន្តផ្សេងដែលជួបនៅបញ្ហាគ្រោះផ្សេងៗជាដើម ទោះវាមិនអាចជួយបាន១០០ភាគរយ ក៏វាអាចជួយបានពី50ទៅ70ភាគរយផងដែរ។ ក្រោយពីណែនាំរួច ទើបប្រគល់ម៉ូតូដល់បុរសខាងលើបន្តដំណើររបស់ខ្លួនវិញ ៕ សុខាសែនជ័យ


ចែករំលែក៖