ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធភាពតែមួយគត់នៃអតីតបក្សសង្គ្រោះជាតិគឺបង្កើតគណបក្សថ្មីដើម្បីចូលរួមបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ ទោះបីជាអតីតបក្សប្រឆាំងធ្លាប់ប្រកាន់ជំហរមិនបង្កើតគណបក្សថ្មី សម្រាប់ប្រកួតយកសន្លឹកឆ្នោតយ៉ាងណាក្តី នេះជាសញ្ញាណមួយល្អសម្រាប់បក្សប្រឆាំង ហើយគណបក្សកាន់អំណាចបានប្រកាសបើកភ្លើងខៀវឲ្យអតីតបក្សនេះបង្កើតគណបក្សនយោបាយថ្មីមួយដើម្បីប្រជែងសម្រាប់ការបោះឆ្នោតថា្នក់ជាតិឆ្នាំ២០១៨ខាងមុខ។

ការប្រកាសបើភ្លើងខៀវនេះខណៈដែលការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខដោយអវត្តមានអតីតគណបក្សសង្គ្រោះជាតិដែលជាបក្ស ប្រឆាំងត្រូវបានតុលាការកំពូលរំលាយ ចោលកាលពីចុងឆ្នាំ២០១៧កន្លងទៅ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថា មានមធ្យោបាយតែមួយគត់ដែលអាចមានលទ្ធភាពក្នុងការចូលប្រកួតប្រជែងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខបាន អតីតគណបក្សសង្គ្រោះជាតិទៅបង្កើត គណបក្សថ្មីឲ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ស្តីពីគណបក្សនយោបាយបំពេញ បែបបទឲ្យបានគ្រប់គ្រាន់ជាការស្រេច ។

លោក សុខ ឥសាន បានថ្លែងតាមសារ តេឡក្រោមកាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ថា គោល ដៅរបស់ពួកប្រឆាំងចង់បានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៦នាខែកក្កដាខាងមុខ។ ដើម្បី សម្រេចមហិច្ឆតានេះពួកប្រឆាំងបានជ្រើសរើសយកមធ្យោបាយមួយគឺស្នើឲ្យចៅ ហ្វាយនាយពួកគេដាក់គំនាបគាបសង្កត់ មកលើរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការ រឹតបន្តឹងទិដ្ឋាការ ការគំរាមរឹបអូសទ្រព្យ សម្បត្តិ លុយកាក់នៅក្រៅប្រទេសរបស់ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាជាដើម ។

លោកបានបន្ដថា មធ្យោបាយបែបនេះ មិនអាចសម្រេចលទ្ធផលបានជាដាច់ខាត ដែលអាចហៅថា មធ្យោបាយខុសឆ្គងមួយ យ៉ាងធំទោះបីខិតខំយ៉ាងណាក៏ដោយក៏ មិនបានការដែរ ។

លោក សុខ ឥសាន បានថ្លែងទៀតថាដោយពិនិត្យឃើញមានមធ្យោបាយតែ មួយគត់ដែលអាចមានលទ្ធភាពក្នុងការ ចូលប្រកួតប្រជែងការបោះឆ្នោតជាតិនា ពេលខាងមុខបាននោះគឺបង្កើតគណបក្សថ្មីឲ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ស្តីពី គណបក្សនយោបាយ បំពេញបែបបទឲ្យបានគ្រប់គ្រាន់ទៅជាការស្រេច។ នេះជា មធ្យោបាយផ្លូវច្បាប់ដែលមន្ត្រីអតីតបក្ស ប្រឆាំងក្រៅពី១១៨នាក់នោះអាចធ្វើបានស្របតាមសិទ្ធិនយោបាយរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

លោកបានអះអាងថា បើប្រាប់ប៉ុណ្ណឹងហើយមិនជឿក៏ទៅតាមដំណើរទៅបើចង់នៅរង់ចាំមើលលទ្ធផលដាក់ទណ្ឌកម្ម និង គំនាបមកលើរាជរដ្ឋាភិបាលក៏ស្រេចតែ ចិត្តចុះតែកុំយល់សុបិនឲ្យសោះគ្មានរឿងបែបនេះកើតឡើងទេ ។

យ៉ាងណាក្តីគេមិនទាន់ឃើញមានការលើកឡើងរបស់ក្រុមអតីតបក្សប្រឆាំង ក្នុង ការសម្រេចរបស់ខ្លួនសម្រាប់ការបង្កើតគណបក្សថ្មីដូចអ្វីបក្សកាន់អំណាចប្រកាសបើកផ្លូវដើម្បីអាចចូលរួមប្រកួតប្រជែង យកសន្លឹកឆ្នោតនៅពេលខាងមុខនេះនៅឡើយទេ ។

ទាក់ទិននឹងការបើកភ្លើងខៀវនេះដែរ បើតាមអ្នកតាមដានស្ថានការណ៍សង្គមនាំគ្នាលើកឡើងថា ជាសញ្ញាមួយល្អសម្រាប់អតីតបក្សប្រឆាំងហើយក្នុងការទាមទារ យុត្តិធម៌ពីសម្ចាស់ឆ្នោតជាជាងដើរស្រែក ពីខាងក្រៅដែលខុសនឹងច្បាប់ប្រទេស។ ព្រោះថាប្រទេសនីមួយៗសុទ្ធតែមានអធិបតីភាពរៀងៗខ្លួនដោយគ្មានប្រទេសណា មួយគាប់សង្កត់ជ្រាលជ្រែកកិច្ចការផ្ទៃក្នុងបាននោះទេ ។

អ្នកទាំងនោះបានលើកឡើងទៀតថា ប្រសិនបើអតីតបក្សប្រឆាំងបង្កើតគណ បក្សថ្មីមែននោះគួរយកកម្មវិធី និងគំនិត អតីតបក្សសង្គ្រោះជាតិ ព្រោះថាគោល នយោបាយក៏ដូចជាគំនិតរបស់គណបក្សនេះត្រូវបានពលរដ្ឋចូលចិត្ត និងគាំទ្រ។ យ៉ាងណាក្តីអ្នកវិភាគប្រកាន់ជំហរកណ្តាលលើកឡើងថា ក្រុមអតីតបក្សប្រឆាំងគួរ ចៀសវាងយកបរទេសមកដាក់គំនាបមកកម្ពុជា ព្រោះថាអ្នកដែលពិបាកនោះគឺ ប្រជាពលរដ្ឋ ហើយគួរប្រើប្រាស់យុទ្ធសាស្ត្រ ណាដែលធ្វើឲ្យប្រទេសរីកចម្រើនជាមួយគ្នាដោយកំុគិតតែពីចង់បានអំណាចដឹកនាំប្រទេសនោះវាមិនល្អឡើយ ។

សូមបញ្ជាក់ថា ក្រោយមានការកៀរគរពីក្រុមអតីតបក្សសង្គ្រោះជាតិសហភាព អឺរ៉ុប (EU) បានព្រមានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មដោយពិនិត្យឡើងវិញពីការទិញទំនិញពីប្រទេសកម្ពុជាបើរាជរដ្ឋាភិបាល កម្ពុជាមិនព្រមដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើការ ឡើងវិញ មិនព្រមរៀបចំការបោះឆ្នោតត្រឹម ត្រូវដោយមានគណបក្សសង្គ្រោះជាតិចូលរួម។ ក្នុងនោះក៏មានសហរដ្ឋអាមេរិកផង ដែរបានប្រកាសផ្ដាច់ជំនួយមកកម្ពុជាមួយ ចំនួនផងដែរ ៕ ហេង សូរិយា


ចែករំលែក៖