ប៉ោយប៉ែត៖ ធ្យូងរាប់ម៉ឺនការ៉ុង ដែល ក្រុមឈ្មួញដឹកពីតាមបណ្ដាខេត្តឧត្តរមានជ័យ និងខេត្តមួយចំនួនតាមបន្ទាត់ព្រំដែនកំពុងសម្រុកឆ្លងដែន ចូលទៅទឹកដីថៃ តាមច្រករបៀងប្រាសាទ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមសេចក្ដីរាយការប្រាប់ថា ធ្យូង ដែល ក្រុមឈ្មួញនាំចូលទៅច្ររបៀងខាងលើនោះ ក្រុមឈ្មួញបានបង់ប្រាក់ឲ្យឈ្មោះ បារាំង មន្ត្រីយោធាវរៈ(១) និងលោក រាជ្យ ប៊ុណ្ណា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក៨០៧ ប្រាសាទត្បែង ក្នុង១ការ៉ុងធ្យូង១៥០០រៀល ជាថ្នូរនាំចេញទៅលក់នៅក្នុងទឹកដីថៃ ។
ប្រជាពលរដ្ឋ ក៏ដូចក្នុងសង្គមហ្វេសប៊ុក បានលើកឡើងថាៈ ធ្យូង ដែល គេនាំចេញតាមច្រករបៀងខាងលើ90ភាគរយ នាំមកពីខេត្តឧត្តរមានជ័យ និងមួយចំនួនតូចជារបស់អ្នកស្រុក ដែល រស់នៅតាមភូមិជាប់បន្ទាត់ព្រំដែនក្នុងស្រុកកើតហេតុ ។
ជុំវិញករណីនេះ ក៏មានការរិះគន់ពីអ្នកស្រុកតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេរថា “អស់ហើយព្រៃឈើ បើធ្យូងមួយថ្ងៃរាប់ម៉ឺនការ៉ុង គ្មានអីសល់ទេ” ។
ប្រភពប្រាប់ថា ធ្យូងទាំងនេះគេដឹកពីខេត្តឧត្តរមានជ័យនៅពេលយប់ តាមរថយន្តធំៗ នៅពេលអ្នកយកព័ត៌មានចុះដល់ចំណុចកើតហេតុ មេប៉ុស្តិ៍យោធានៅទីនោះ បានព្យាយាមរារាំងសុំមិនឲ្យថត និងមិនឲ្យចុះផ្សាយ ខណៈលោក រាជ្យ ប៊ុណ្ណា មេប៉ុស្តិ៍ប្រាសាទត្បែង នគរបាលការពារព្រំដែនគោកលេខ807 មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយចុចទូរស័ព្ទមិនចូលជាច្រើនដង ។
ប្រភពដាច់ដោយឡែកមួយទៀតប្រាប់ថា នៅក្នុងភូមិថ្មឆ័ត្រ ឃុំគោករមៀត ក៏មានទីតាំងដ៏ធំមួយបានលាក់ទុកធ្យូងរាប់ពាន់ការ៉ុងផងដែរ ដើម្បីដឹកចេញទៅលក់លើទឹកដីថៃ រាល់វេលាយប់ ប៉ុន្តែមិនដឹងថា នាំចេញតាមច្រករបៀងណា ។
អ្នកស្រុកបានលើកឡើងថា បើមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសសមត្ថកិច្ចតាមបន្ទាត់ព្រំដែនមិនរួមគ្នាទប់ស្កាត់លំហូរចេញធ្យូងពីកម្ពុជាទៅលក់ឲ្យឈ្មួញថៃទេ អនាគតព្រៃឈើ នឹងរលាយហិនហោចដោយក្រុមឈ្មួញ ៕ វណ្ណា