ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមីនានេះ បានប្រកាសថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គឺអាសនៈព្រឹទ្ធសភាទាំង ៥៨ បានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។ ជាមួយនឹងការប្រកាសពីចំនួនអាសនៈនេះ គ.ជ.ប ក៏បានប្រកាសផ្សាយបញ្ជីបេក្ខជនជាប់ឆ្នោត នៅតាមភូមិភាគនីមួយៗ ផងដែរ។
ការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ ត្រូវបានគ.ជ.ប ប្រកាសផ្សាយតាមទូរទស្សន៍ វិទ្យុ និងតាមគេហទំព័ររបស់គ.ជ.ប។ ក្នុងនោះ រួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក ) ទូរទស្សន៍បាយ័នBTV និងវិទ្យុជាតិ ៣ប៉ុស្តិ៍ គឺវិទ្យុជាតិកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz និងវិទ្យុអេហ្វអឹមជាតិកម្ពុជា FM 96 MHz។
ព្រមជាមួយគ្នានោះផងដែរ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ក៏បានផ្សព្វផ្សាយតាមគេហទំព័ររបស់គ.ជ.ប www.necelect.org.kh ។
គ.ជ.ប បានគូសបញ្ជាក់ថា ការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតទាំង ៨ ភូមិភាគ ក៏ត្រូវចាក់ផ្សាយឡើងវិញជាច្រើនដង នៅថ្ងៃទី០៣ ខែមីនានេះ និងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា លទ្ធផលផ្លូវការ ដែលគ.ជ.ប ប្រកាសផ្សាយតាមទូរទស្សន៍ វិទ្យុ និងគេហទំព័រ ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃសៅរ៍ ទី០៣ ខែមីនាតទៅនេះ គឺជាការប្រកាសពីការបែងចែកអាសនៈ និងប្រកាសផ្សាយបញ្ជីបេក្ខជនជាប់ឆ្នោត។ ក្នុងនោះ អាសនៈព្រឹទ្ធសភា ដែលដាក់ឲ្យបោះឆ្នោតទាំង ៥៨ អាសនៈ បានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។ ដោយឡែក គណបក្ស ៣ទៀត គឺគណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងឆ្នោត មិនអាចទទួលបានអាសនៈណាមួយឡើយ នៅព្រឹទ្ធសភាអាណត្តិនេះ។
សូមរម្លឹកថា ព្រឹទ្ធសភា នីតិកាលទី៤ មានអាណត្តិ រយៈពេល ៦ឆ្នាំ មានសមាជិក ៦២ រូប។ ក្នុងនោះ ៥៨ រូប ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោត។ ២រូប តែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ៕
អត្ថបទ៖ គេហទំព័រក្នុងស្រុក