ភ្នំពេញ៖ ក្មេងស្រីដើររើសអេតចាយអាយុ៧ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសស្រាល ខណៈកំពុងដើររើសអេតចាយនៅតាមចិញ្ចើមផ្លូវត្រូវរថយន្តមួយគ្រឿងបើកជែងរថយន្តមួយគ្រឿងជ្រុលមកបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខខ្លាំងសាំងសូគីម៉ិច ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
រថយន្តបង្កម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7998 អ្នកបើករដោយឈ្មោះ ង៉ាន់ វណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
រីឯក្មេងរងគ្រោះដែលស្លាប់-ឈ្មោះ សេនទីណូត ភេទស្រី អាយុ៧ឆ្នាំ ស្នាក់នៅក្រោមដំបូលតង់នៅក្បែរកន្លែងកើតហេតុ ។ ចំណែកក្មេងរងរបួសស្រាលមានឈ្មោះ សេន ស្រីពេជ្រ ភេទស្រី អាយុ១០ឆ្នាំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបើកវ៉ាខាងស្តាំដៃរថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរស្របទិសដៅគ្នាហើយ ក៏ជ្រុលចង្កូតទៅបុកក្មេងស្រីរងគ្រោះកំពុងដើររើសអេតចាយនៅចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាលតែម្តង ។
ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កព្យាយាមបើករត់បានប្រមាណ៤០០ម៉ែត្រ មកដល់ចំណុចមុខប៉ុស្តិ៍នគរបានរដ្ឋាបាលព្រែកព្នៅ ក៏ត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្តនឹងអ្នកបើកបរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានទាក់ទង ទៅសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែង និងប្រគល់ខ្លួនអ្នកបើកបរ រថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ចំណែកឯសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ព្រែកជ័យ