ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ)

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤ (ភោជនីយ៍ដ្ឋាន វ័នម័រ) ផ្លូវលេខ៣១៥ ក្រុមទី៣៦ភូមិ៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី១- ឈ្មោះ ប្រាក់ នុន ហៅ វេហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១១៧ឈ ផ្លូវលេខ៩៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(អ្នកឆក់កាបូបជនរងគ្រោះ) ។ និងទី២- ឈ្មោះ សុខា លំផាត់ ហៅ ផាត់ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ) ។ ចំណែកជនរងគ្រោះមិនបានដាក់ពាក្យប្តឹង ជាមនុស្សស្រីម្នាក់ ជនជាតិខ្មែរ អាយុប្រហែល ៣១ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ដើរថ្មើរជើង (កំពុងធ្វើដំណើរតាមបណ្តោយផ្លូវ) ។សំភារ:បាត់បង់រួមមាន៖ (គ្មាន) ដោយឡែកវត្ថុតាងចាប់យករួមមាន- ម៉ូតូចំនួន០១គ្រឿងម៉ាក Honda C110ពណ៌ខ្មៅ សេរីឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ1BM-0861 លេខតួនិងម៉ាស៊ីន 8015141។ – ទូរស័ព្ទចំនួន០១គ្រឿងម៉ាកSamsungចុចពិល(ចាស់) ពណ៌ ស ។

យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក មុនពេលកើតហេតុជនរងគ្រោះ(ជាមនុស្សស្រី)កំពុងធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវមកដល់ចំណុចមុខផ្ទះលេខ២៤ (ភោជនីយ៍ដ្ឋានវ័នម័រ) ផ្លូវលេខ៣១៥ (កន្លែងកើតហេតុ) ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1-BM 0861 បានជិះអែបជិតរួចធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចរួចបើកម៉ូតូរត់គេចខ្លួន តែសំណាងអាក្រក់បានជ្រុលទៅបុករថយន្តរបស់គេមួយគ្រឿង បណ្តាលឲ្យដួលក្បែរកន្លែងកើតហេតុ ត្រូវបានជនរងគ្រោះរត់តាមទាន់រួចយកកាបូបបានមកវិញហើយក៏បានបន្តដំណើរទៅបាត់ទៅដោយមិនដាក់ពាក្យប្តឹងឡើយ ។ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋនៅទីនោះសហការជាមួយកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកក់ទី១ ឃាត់ខ្លួនបានជាក់ ស្តែងនាំយកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខា លំផាត់់ និងប្រាក់ នុន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖