ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងដែលបាញ់ជនរងគ្រោះប្រុសស្រី២នាក់នៅខណ្ឌសែនសុខ បានចូលខ្លួនសារភាពទទួលកំហុស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបើករថយន្តតាមបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ កាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះបានចូលខ្លួនមកទទួលកំហុសនៅសមត្ថកិច្ចកងរាជអាវុធហត្ថ ។

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់ប្រាប់ប្រភពព័ត៌មានក្នុងស្រុកថា ពិតជាមានរឿងដូច្នេះមែន បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា កាលពីម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីឃាតករតាមបាញ់ជនរងគ្រោះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែង កើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់ ។

សាក្សីអះអាងថា ខ្មាន់កាំភ្លើងជិះរថយន្ត RANGE ROVER ពណ៌ស តាមបាញ់ប្រហាជនរងគ្រោះ ហើយខ្មាន់កាំភ្លើងរូបនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្គាល់ឈ្មោះហៅថា ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ហើយដែលបានរត់គេចខ្លួន ទើបតែចូលសារភាពទោសកំហុសនាពេលនេះ ៕


ចែករំលែក៖