ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតាំងសងខាង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះឡើយ ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកត្រី របស់ក្រុមហ៊ុន កងដឹកជញ្ជូន ឆ.ន ពាក់ស្លាកលេខ ភ្នំពេញ3D-1815 បើកលឿន បណ្ដាលឲ្យបែកកង់រេចង្កូតទៅបុករថយន្តដឹកខ្សាច់ មួយគ្រឿងទៀតយ៉ាងពេញទំហឹង រងការខូចខាតទាំងសងខាង តែសំណាងល្អមិនមានអ្នករងរបួសឡើយ គ្រាន់តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងសម្រួលចរាចរណ៍ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ ។ ហើយភាគីខាងរថយន្តបង្កក៏ព្រមចេញថ្លៃខូចខាតឲ្យរថយន្តរងគ្រោះ ដោយជួសជុលដូចដើមឡើងវិញ ក៏បញ្ជាប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕ ស តារា