ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៤,០២៥នាក់ មកពីរោងចក្រចំនួន១៤បន្ថែមទៀត បន្ទាប់ពីបានជួបសំណេះសំណាលកាលពីម្សិលមិញប្រមាណជាង២ម៉ឺននាក់ ក្នុងទឹកដីនៃខេត្តព្រះសីហនុ។
រោងចក្រ សហគ្រាសទាំង១៤ ដែលកម្មករ និយោជិតមកជួបសំណេះសំណាលជាមួយសម្តេចនៅព្រឹកនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧ បារាំងចំនួន១ ជប៉ុនចំនួន២ អាមេរិកចំនួន៣ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រោងចក្រទាំងនោះមានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ ផលិតស្បែកជើងចំនួន១ ផលិតកាបូបចំនួន២ ផលិតសម្ភារកីឡាចំនួន១ ជ្រលក់ពណ៌ក្រណាត់ចំនួន១ ផលិតគ្រឿងសំអាងចំនួន១ ផលិតកេសកាតុងចំនួន១ ផលិតកំប៉ុងចំនួន១ ផលិតសាឡុងចំនួន១ ហើយផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ៕