ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជូនមន្ត្រីសន្តិសុខ ២រូបទៅកាន់កូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងត្បូង បានធ្វើនូវរឿងដ៏សំខាន់បំផុត សម្រាប់ទំនាក់ទំនង កូរ៉េទាំងពីរ គឺបានបញ្ជូនគណៈប្រតិភូ ដែលមានមន្ត្រីសន្តិសុខជាន់ខ្ពស់ ទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សា ស្តីអំពីទំនាក់ទំនងប្រទេសទាំងពីរ ។ នេះជាសញ្ញាវិជ្ជមានមួយ សម្រាប់ស្តារទំនាក់ទំនងប្រទេសទាំងពីរ ។

សារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែមីនា បានផ្សាយថា ប្រធានាធិបតី ម៉ូនជេអីន បានសម្រេច ជ្រើសរើស មន្ត្រីសន្តិសុខជាន់ខ្ពស់ ដឹកនាំគណៈប្រតិភូ កូរ៉េខាងត្បូងទៅកាន់កូរ៉េខាងជើង នៅសប្តាហ៍ក្រោយ។

តាមសារព័ត៌មានខាងលើថា អគ្គនាយកចារកិច្ចកូរ៉េខាងត្បូង NIS លោក Suh Hoon និងប្រធានការិយាល័យសន្តិសុខ NSO លោក ChungtEui Yong នឹងទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សា បញ្ចប់ភាពតានតឹង នៅឧបទ្វីបកូរ៉េ ។ ស្ថានភាពនៅឧបទ្វីបកូរ៉េ បានថយកម្តៅចាប់តាំងពីការប្រកួតកីឡាអូឡាំពិករដូវរងា ចាប់ផ្តើម រហូតមកទល់ពេលនេះ ដោយនៅពេលបើកការប្រកួត កូរ៉េខាងជើង បានបញ្ជូន តំណាងជាន់ខ្ពស់ របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺប្អូនស្រីបង្កើន និងប្រធានរដ្ឋសភា ។ នៅក្នុង ពេលបិទ បញ្ចប់ការប្រកួត កូរ៉េខាងជើង បានបញ្ជូន ប្រធានចារកិច្ច និងជាអតីតមេបញ្ជាការកងទ័ពកូរ៉េខាងជើង។ ក្រោយជំនួប ពិភាក្សា នៅកូរ៉េខាងត្បូង ដោយជោគជ័យ កូរ៉េខាងត្បូង ក៏បានយល់ព្រម បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ កូរ៉េខាងជើង ផងដែរ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីសន្តិសុខជាន់ខ្ពស់កូរ៉េខាងត្បូង និងនាំលិខិត របស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ីន ផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងនោះមានការឆ្លើយតប នឹងការអញ្ជើញរបស គីម ជុងអ៊ុន ទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ ។

ក្រុមអ្នកអង្គេតការណ៍បានវាយតម្លៃថា ការដែលកូរ៉េខាងត្បូងបញ្ជូនមន្ត្រីសន្តិសុខជាន់ខ្ពស់ទៅកាន់កូរ៉េខាងជើង គឺជាព្រឹត្តិការណ៍សំខាន់បំផុត ជាការបង្ហាញភាពកក់ក្តៅនៅក្នុងទំនាក់ទំនង ប្រទេសបងប្អូនទាំងពីរ ។ ប៉ុន្តែ ក្រុមអ្នកវិភាគបានលើកឡើង ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូង តភ្ជាប់នូវការធ្វើសមយុទ្ធរួម នៅខែមេសាខាងមុខគឺជារឿងដ៏ស្មុគស្មាញបំផុត អាចរារាំងដល់ទំនាក់ទំនង កំពុងតែល្អប្រសើរ របស់កូរ៉េទាំងពីរ ៕ ម៉ែវ សាធី


ចែករំលែក៖