ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៤គ្រឿងបុកតកន្ទុយគ្នារងការខូចខាតនិងស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្ត Ranger មួយគ្រឿងបានបើកតាមដងផ្លូវសុខៗស្រាប់តែចាប់ហ្វ្រាំងទាំងបង្ខំធ្វើឲ្យរថយន្តឡិចស៊ីសRX330បើកបុកពីក្រោយហើយក៏មានរថយន្តឡិចស៊ិស៥៧០និង៣៣០ចំនួន២គ្រឿងទៀតមកពីក្រោយបុកតកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតទាំង៤គ្រឿងតែម្តង ធ្វើឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥រសៀល ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យសម្ភពចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRanger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB 7113 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែអ៊កស៊ើជាមួយរថយន្តមួយគ្រឿងដែលនៅខាងមុខហើយបានចាប់ហ្វ្រាំងទាំងបង្ខំ ធ្វើឲ្យរថយន្តម៉ាកឡិចស៊ីស LX៥៧០ មកពីក្រោយមកបុកភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស LX៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T 5168 និងរថយន្តឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2H 0458 ចំនួន២គ្រឿងទៀតមកពីក្រោយបុកតកន្ទុយគ្នាចំនួន៤គ្រឿងតែម្តង រងខាងខូចខាត និងធ្វើឲ្យស្ទះចរាចរណ៍ផងដែរ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងសម្រួសចរាចរណ៍ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវគ្នាទើបសមត្ថកិច្ចវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖