ខេត្តកំពត៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការសូត្រគម្ពី អាល់គូអានុការីមលើកទី២៧ និងការប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីត្រៀមទៅចូលរួមការសូត្រគម្ពីអាល់គួអានុល ការីម អន្ដរជាតិ ពិធីនេះធ្នៅវើឡើងនៅវិហារភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៤ មីនា ឆ្នាំ២០១៨ ។
ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និង សាសនា បានប្រព្រឹត្តទៅដោយរលូន ក្រោមប្រធានបទ “ឥស្លាម និង សីលធម៌” រយ:ពេលពីរថ្ងៃ គឺថ្ងៃទី០៣-០៤ ខែមីនាឆ្នាំ២០១៨។
ក្នុងចំណោម ករី-ករីអះ (បេក្ខជន-បេក្ខនារី) ចំនួន ៤០នាក់ មកពីរាជធានីខេត្តទូទាំងប្រទេសអញ្ជើញចូលរួមសូត្រ គណ:មេប្រយោគក៏បានរកឃើញ ករី-ករីអះ ជ័យលាភីផ្នែកបុរសចំនួន ៣នាក់ និង ជ័យលាភីផ្នែកនារីចំនួនបីនាក់ គឺផ្នែកបុរស លេខ១ បានទៅលើករីឈ្មោះ យូសុះ សាឡឹម មកពីខេត្តកណ្តាល លេខ២ ករីឈ្មោះ សុះ សាន់សារី មកពីខេត្តព្រៃវែង និង លេខ៣ ករីឈ្មោះ សេន ស៊ុល មកពីខេត្តត្បូងឃ្មុំ។ ចំណែកផ្នែកនារី លេខ១ ករីអះឈ្មោះ សើ ម៉ៃយ៉ុម មកពីខេត្តកំពត លេខ២ ករីអះឈ្មោះ ជី ម៉ៃសំ មកពីខេត្តរតនៈគីរី និង លេខ៣ ករីអះឈ្មោះ សើ រ៉ោះម៉ះ មកពីខេត្តប៉ៃលិន។ រីឯក្នុងចំណោមករី-ករីអះ ប្រឡងសូត្រចាំមាត់ចំនួន ១៤នាក់ លេខ១ ករីឈ្មោះ ការីម មូហាំម៉ាត់ហ្សៃនី មកពីខេត្តបាត់ដំបង លេខ២ ករីឈ្មោះ សាន់ ស៊ុលហ្សារី មកពីខេត្តក្រចេះ និង លេខបី ករីឈ្មោះ លី អារីហ្វ មកពីខេត្តកំពង់ធំ។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ៖រាជរដ្ឋាភិបាល ដែលមាន ក្រសួងធម្មការ និង សាសនា ជាសេនាធិការ បានសហការ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗរបស់សាសនិកឥស្លាមកម្ពុជា ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ និងវប្បធម៌ពហុជនជាតិ ដែលមានសកម្មភាពយ៉ាងផុសផុល និងសស្រាក់សស្រាំ។
លោកស្រី ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ “ឥស្លាម និង សីលធម៌” ពិតជាសមស្របបំផុតសម្រាប់បរិយាការណ៍បច្ចុប្បន្ន ដោយហេតុថាដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើក នៅក្នុងសហគមន៍ ឥស្លាម ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក ជា ពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន បានចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះជោគជ័យ និង លទ្ធផលល្អ ដែលសហគមន៍ឥស្លាមទទួលបាន ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ តំណាងឲ្យកម្ពុជា លើឆាកអន្តរជាតិកន្លងមក ដែលបានបង្ហាញថា កម្ពុជា ពិតមែនតែជាប្រទេសតូច មានសាសនិកឥស្លាមតិចតួចបំផុត តែទទួលបានលទ្ធផលល្អ អាចប្រជែងជាមួយប្រទេសធំៗ និងមានសាសនិកឥស្លាមជាច្រើន ដែលបាចូលរួមសូត្រ។
លោកស្រី ក៏បានកោតសរសើរដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស ដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន ពិសេសការសូត្រគម្ពីរអាល់គួរ៉ាអាន ដែល មានការលំបាកបំផុត នៅតាមសហគមន៍ និងគ្រួសារ ៕ សំរិត