ខេត្តកណ្ដាល៖ ស្រ្ដីចំណាស់អាយុ៦៣ឆ្នាំម្នាក់តូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយមើលពុំជា បានសម្រេចចិត្ដចងក.សម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង០៥នាទី ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ស្ថិតក្នុងភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ស្រ្ដីរងគ្រោះមានឈ្មោះ ឃុត គឹមអៀក ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា រយះពេលជាង៣០ឆ្នាំមកហើយ ដែលជនរងគ្រោះមានជំងឺប្រចាំកាយឈឺ ហើយកន្លងមកកូនចៅរបស់ជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យច្រើនលើកច្រើនសារដែរ តែមិនជាសះស្បើយនោះទេ ។ ចំណែកឯជនរងគ្រោះវិញ ពេលអក្ការៈរបស់ខ្លួនព្យាបាលមិនជា តែងតែរកវិធីធ្វើអត្តឃាតសម្លាប់ខ្លួនឯង តែកូនៗជួយទាន់ពេលវេលា ។
ប្រភពដដែលបន្ដទៀតថា លុះមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រួសារជនរងគ្រោះបានកំពុងពិភាក្សាគ្នានៅខាងក្រោមផ្ទះ រីឯជនរងគ្រោះនៅលើផ្ទះតែម្នាក់ឯង ។ រហូតមកដល់វេលាម៉ោង១៦និង៥នាទី កូនជនរងគ្រោះឈ្មោះ រត្ន័ វណ្ណះ បានឡើងទៅលើផ្ទះដើម្បីមើលជនរងគ្រោះ ភ្លាមនោះស្រាប់តែឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយយកក្រមាចងក.ធ្វើអត្ដឃាតស្លាប់បាត់ទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យ ។ ក្រោយពីធ្វើការពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានជាក់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើង ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ