ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវចោរឆក់កាបូបយកទូរស័ព្ទអស់២គ្រឿងនិងសម្ភារមួយចំនួនទៀតជិះគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យប្រហែល២០ឆ្នាំម្នាក់ ខណៈកំពុង ជិះម៉ូតូតាមផ្លូវ ស្រាប់តែមានក្រុមជនសង្ស័យ២នាក់ជិះ ម៉ូតូតាមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្តាលឲ្យនាងដួលរងរបួសរលាតដៃជើង ហើយជនសង្ស័យជិះរត់គេចខ្លួនបាត់ស្រមោល។

ករណីនេះកើតឡើងថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៥០នាទីយប់ នៅមុខក្លឹបហាត់ប្រាណសែនសុខ តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះវ័យ២០ឆ្នាំ សុំមិនបញ្ចញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1E-4737 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកពីក្រោយហើយក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនាងដែលបានស្ពាយដាក់ចំហៀងខ្លួន បានសម្រេច បណ្តាលឲ្យម៉ូតូនាងដួល រងរបួសរលាត់ដៃរលាត់ជើង។ ចំណែកឯជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

នារីរងគ្រោះបានប្រាប់ថា នៅក្នុងកាបូបរបស់ជនរងគ្រោះដែលជនសង្ស័យបានឆក់យកទៅនោះមានទូរសព្ទដៃម៉ាក អាយហ្វូនសេវិន ផ្លើស មួយគ្រឿង និងទូរសព្ទដៃម៉ាក OPPO មួយគ្រឿង និងសម្ភារមួយចំនួនទៀត។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកព្យាបាលនៅមន្ទីរពេទ្យ៕ តុង សីហា


ចែករំលែក៖