ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie A ត្រូវបានលុបចោល ទាំងអស់នៅរាត្រីថ្ងៃអាទិត្យដោយសារតែកីឡាករ Davide Astori ប្រធានក្រុម Fiorentina បានស្លាប់បាត់បង់ជីវិតមុនពេលប៉ះក្រុម Udinese។
ខ្សែការពារកណ្តាលវ័យ៣១ឆ្នាំរបស់អ៊ីតាលីរូបនេះបានមកលេងឲ្យក្រុម Fiorentina ចាប់តាំងពីឆ្នាំ២០១៦មក ដោយធ្លាប់លេងឲ្យក្រុម AC Milan, Cagliari និង Roma។
Davide Astori ធ្លាប់បានជាប់ជម្រើសជាតិអ៊ីតាលីចំនួន១៤ដង ហើយធ្លាប់ចូល រួមជាមួយនឹងក្រុមជម្រើសជាតិទៅលេងនៅក្នុងកម្មវិធី FIFA Confederations Cup ឆ្នាំ២០១៣ផងដែរ។ ការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីកាលពី ថ្ងៃអាទិត្យត្រូវបាន លើកពេលទាំងអស់ដើម្បីផ្តល់ជាការគោរពនិងចូលរួមកាន់ទុក្ខចំពោះសពរបស់កីឡាករ Davide Astori ។
ប្រភពព័ត៌មានរបស់អ៊ីតាលីបានឲ្យដឹងថា Davide Astori បានស្លាប់នៅក្នុងបន្ទប់ សណ្ឋាគារLa di Moret ដែលក្រុមFiorentinaទាំងអស់ស្នាក់នៅមុនពេល ប្រកួតជាមួយនឹងក្រុមUdinese។
មូលហេតុច្បាស់លាស់នៃការស្លាប់របស់គាត់នៅពុំទាន់ដឹងនៅឡើយទេ ហើយអ្វីដែលសោកសៅបំផុតនោះគឺ Davide Astori បានស្លាប់បន្ទាប់ពីក្លាយទៅ ជាឪពុកគេបានតែ២សប្តាហ៍ប៉ុណ្ណោះ ៕ ដេវីត