ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ក្នុងចំណោមអ្នកភូមិ៣នាក់ដើរបរបាញ់សត្វកណ្តុរត្រូវបានឆក់ខ្សែភ្លើងម្ចាស់ស្រែរាយឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវ បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ក្នុងចំណោមអ្នកភូមិ៣នាក់បាននាំគ្នាដើរបរបាញ់សត្វកណ្តុរនៅពេលយប់ ត្រូវបានឆក់ខ្សែភ្លើងស្លាប់នៅក្នុងស្រែមួយកន្លែងក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ខណៈដែលម្ចាស់ស្រែមានឈ្មោះ គី ឈួ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ បានដាក់រាយខ្សែភ្លើងតបណ្តាញធុងអាគុយ និងម៉ូទ័រដើម្បីឆក់សត្វកណ្តុរកុំឲ្យចូលស៊ីស្រូវ ។ ហេតុការណ៍នោះកើត ឡើងនៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវាលស្រែមួយកន្លែងក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍ពីស្រុកព្រះនេត្រព្រះប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាល់ បូរ៉ុង ហៅផុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ។ មុនពេលកើតហេតុគឺជនរងគ្រោះ និងអ្នកភូមិបាននាំគ្នាដើររកបាញ់សត្វកណ្តុរដើម្បីយកលក់ ។ លុះជនរងគ្រោះ និងអ្នកភូមិជាមួយគ្នាធ្វើដំណើរបាញ់សត្វកណ្តុរនៅចំណុចជើងដំបូក៣ ស្ថិតក្នុងភូមិសាស្រ្តឃុំរហាល ក៏ស្រាប់តែត្រូវបានឆក់បណ្តាញចរន្តភ្លើងធុងអាគុយប្រើប្រាស់ម៉ូទ័រ សម្រាប់ឆក់សត្វកណ្តុរ ការពារកុំឲ្យសត្វកណ្តុរចូលស៊ីស្រូវរហូតដល់ស្លាប់ ។

​ក្រោយពីមានហេតុការណ៍នោះហើយអ្នកភូមិទៅជាមួយជនរងគ្រោះក៏បានយកសពជនរងគ្រោះមកផ្ទះដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យសព និងចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចរន្តអគ្គិសនី ធុងអាគុយនោះប្រាកមែន ។

សូមរំលឹកថា នៅខេត្តបន្ទាយមានជ័យមិនមែនជាលើកទី១នោះទេដែលបង្កឲ្យជនរងគ្រោះស្លាប់ដោយឆក់ខ្សែភ្លើងរាយឆក់សត្វកណ្តុរកុំឲ្យចូលស៊ីស្រូវ ។ បញ្ហានេះបានកើតឡើងទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ជាន្តបន្ទាប់មកហើយ នៅពេលខ្លះម្ចាស់ស្រែមួយចំនួនដែលតបណ្តាញភ្លើងធុងអាគុយប្រើប្រាស់ម៉ូទ័រឆក់សត្វកណ្តុរក៏ភ្លាត់ស្នៀតបានឆក់ខ្លួនឯងស្លាប់ផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖