សារព័ត៌មាន Fox newsបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា ទីព្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង Chung Eui Yong កាលពីយប់ថ្ងៃទី ៨ ខែមីនា បានប្រកាសនូវលិខិតអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ។ លោក Chung បានប្រកាសពីការសន្យារបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការផ្អាក់សកម្មភាពសាកល្បងកាំជ្រួចមីស៊ីល និងបរមាណូ ។
តាមសារព័ត៌មានខាងលើ លោក Chung បានបញ្ជាក់ទៀតថា ការធ្វើសមយុទ្ធរួមរវាងអាមេរិក-កូរ៉េខាងត្បូង នឹងបន្តធ្វើឡើងនៅខែមេសា ដូចការគ្រោងទុក ។ កន្លងមក សារព័ត៌មានស៊ីអ៊ិនអ៊ិនបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន បានផ្ញើលិខិតផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញពីគោលបំណងរបស់កូរ៉េខាងជើង ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នានៅខែឧសភា
អ្នកនាំពាក្យសេតវិមានបានប្រកាសនៅក្នុងសន្និសីទការសែត ក្រោយជំនួបរវាង ប្រធានការិយាល័យសន្តិសុខ Phognf និង លោក Chung Eui Yong បានប្រកាសឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលនូវការអញ្ជើញជួបពិភាក្សា របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហើយជំនួបនោះ អាចនឹងធ្វើឡើងនៅថ្ងៃណាមួយ ក្នុងអំឡុងពេលនេះ រហូតដល់ខែឧសភា ឆ្នាំ២០១៨ ។
ចំណែកប្រធានព័ត៌មានរបស់សេតវិមានអាមេរិក Sarah Sanders បានប្រកាសថា « ប្រធានាធិបតី ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ នៅក្នុងជំនួបរវាងគណៈប្រតិភូកូរ៉េខាងត្បូង និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលនៅការអញ្ជើញរបស់ គីម ជុងអ៊ុន ហើយនឹងកំណត់ពេលវេលាច្បាស់លាស់មួយ ដើម្បីជួបពិភាក្សា។ យើងកំពុងរង់ចាំកូរ៉េខាងជើង បោះបង់អាវុធបរមាណូ ក្នុងពេលរង់ចាំ រាល់ការដាក់គំនាប ដោយទណ្ឌកម្មនៅតែបន្តរក្សាដដែល។
សារព័ត៌មាន CNN បានផ្សាយថា ការប្រកាសខាលើ ក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈមន្ត្រីកូរ៉េខាងត្បូង ។ ប្រសិនបើ មានជំនួបពិភាក្សាកើតឡើងនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជា មេដឹកនាំអាមេរិកដំបូងគេ ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ។ នេះជាជំហានវិជ្ជមាន ក្នុងទំនាក់ទំនងការបរទេស បើទោះបីមិនទាន់ដឹងថា មានលទ្ធផលបែបណានោះក្តី។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា នឹងពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែ ទីក្រុងព្យុងយ៉ាងត្រូវតែមានឆន្ទៈនៅក្នុងការបោះបង់អាវុធបរមាណូ។ កន្លងមក កូរ៉េខាងជើង បានប្រកាសថា អាវុធបរមាណូមិនសំខាន់ចំពោះកូរ៉េខាងជើងនោះឡើយ នៅពេលដែលសន្តិសុខត្រូវបានធានានោះ ៕ ម៉ែវ សាធី