ខេត្តព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯងដោយ រថយន្តបែនដឹកថ្មមួយគ្រឿងបើកគេចនឹងរថយន្តតូចមួយគ្រឿងផ្សេងទៀតនៅពីមុខ ដែលកំពុងធ្វើដំណើរមានទិសដៅបញ្ច្រាសគ្នា បានរេចង្កូតបុកនឹងខឿនស្ពាន បណ្តាលឲ្យជាប់បង្កាន់ដៃស្ពាននិងបាក់ចំនួន៤ប្រឡោះ ហើយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ។
ហេតុការណ៍កើតឡើងនៅម៉ោង៧និង៥០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅលើស្ពានក្អោង ចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨ ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នគរបាលស្រុកកំពង់សិលាបានឲ្យដឹថា រថយន្តបង្កខាងលើម៉ាកFUSO ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 4A-2015 របស់ក្រុមហ៊ុន G-S ត្រូវបានសមត្ថកិច្ចអូសយកទៅទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយសងការខូចខាតសម្បត្តិរដ្ឋ គ្រាដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់បាត់ទៅហើយនោះ ៕ សហការី