ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាជាងម៉ាស៊ីនត្រជាក់ត្រូវចរន្ទអគ្គិសនីឆក់ស្លាប់ខណៈកំពុងតម្លើង​ម៉ាស៊ីនត្រជាក់នៅហាងផឹកស៊ីកុងតឺន័រ 3G.SQUARE

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជាង​ ម៉ាស៊ីនត្រជាក់ បានឆក់ខ្សែភ្លើង​ ពេលកំពុងតម្លើង​ម៉ាស៊ីនត្រជាក់នៅហាងផឹកស៊ីផ្សារកុងតឺន័រ 3G.SQUAREហើយត្រូវបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ​។ ហេតុការណ៍នេះបានកើតឡើង ​​នៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវរដ្ឋសភា ភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើ កំពុងតែ​តម្លើងម៉ាស៊ីនត្រជាក់ថ្មីនៅទីតាំងកើតហេតុខាងលើ ខណៈជនរងគ្រោះតម្លើងជិតហើយទៅហើយ បែរជាជួបរឿងអកុសល បណ្តាលឲ្យឆក់ធ្លាក់​ ដាច់ផ្ងាធ្លាក់មកក្រោម ហើយភ្លាមៗនោះ ត្រូវក្រុមជាងដែលកំពុងធ្វើការជាមួយគ្នាបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសល ជនរងគ្រោះ បានស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ។

សពឈ្មោះ ប៊ន ផុក ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ៩Eo ផ្លូវ១២២ ភូមិ៧ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងមានស្រុកកំណើត នៅភូមិកែង ឃុំជ្រោយប្រទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ក្រោយមក ម្ចាស់ហាងបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកពិនិត្យទីតាំងកើតហេតុផងដែរ ។ ប៉ុន្តែមហាជនឆ្ងល់ថា តើមានហេតុផលអ្វី បានជានគរបាលប៉ុស្តិ៍ទន្លេបាសាក់ មានការបិទបាំង មិនឲ្យមានការផ្សព្វផ្សាយព័ត៌មាននេះ ?

ពាក់ព័ន្ឋនឹងករណីឆក់ស្លាប់នេះដែរ អាជ្ញាធរខណ្ឌចំការមន បានចុះពិនិត្យ និងសួរនាំរកលិខិតស្នាម ក្នុងបើកអាជីវកម្មនេះផងដែរ ។

សូមបញ្ជាក់ថា ហាងផឹកស៊ីកុងតែន័រ3G.SQUAREនេះ សុទ្ឋតែដែកទាំងអស់ ដូច្នេះការរាយខ្សែភ្លើងលំអរទៅតាំង សូមធ្វើដោយប្រុងប្រយ័ត្នខ្ពស់បំផុត បើមិនដូច្នេះអាចនឹងមានការឆ្លងចរន្ត បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវជាមិនខាន ។

បច្ចុប្បន្ន សពសមត្ថកិច្ចកំពុងស្រាវជ្រាវ រកក្រុមគ្រួសារ ឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖