ព័ត៌មានទាន់ហេតុការណ៍៖

រលំផ្ទះសង្កត់ជាង២នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ស្រាលនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ជាងធ្វើផ្ទះ២នាក់ស្លាប់ និង២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាលក្នុងចំណោមជាងធ្វើផ្ទះសរុប៨នាក់ត្រូវបានផ្ទះកសាងពីឈើដួលរលំសង្កត់ពីលើ ខណៈ ដែលជនរងគ្រោះយកដែកដូយផ្ទះលើកឡើងលើដើម្បីរៀបចំការ៉ូឡា ។

ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទល់មុខមន្ទីរពន្ធដារខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិក្បាលស្បាន សង្កាត់ព្រះពន្លា ក្រងសិរីសោភ័ណ ។

បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍រដ្ឋបាល សង្កាត់ព្រះពន្លាប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មាន១.ឈ្មោះ ខ្លូត សារួន ភេទប្រុស អាយុ៥៩ឆ្នាំ(មេជាង)រស់នៅភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ២.ឈ្មោះ ធុច ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ឆាវ បួត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ និងអ្នករងរបួសស្រាលម្នាក់ទៀត សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

បើតាមការរៀបរាប់ពីអ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺមានក្រុមជាងឈើធ្វើផ្ទះមួយក្រុមមានគ្នា៨នាក់នាំគ្នាដូយផ្ទះឈើ២ល្វែង នៅចំណុចខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ទី ប្រកបមុខលក់ម៉ូតូនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននាំគ្នារំកិល និងដូយផ្ទះឈើ២ល្វែងដើម្បីរៀបចំអិដ្ឋការ៉ូឡាផ្នែកខាងក្រោម ខណៈ ដែលដូយដាក់កំណល់ឈើ ក៏មានការខុសបច្ចេកទេសភ្លាត់ស្នៀតបណ្តាលឲ្យផ្ទះឈើបានដួលរលំសង្កត់លើក្រុមជាងទាំងនោះស្លាប់២នាក់នៅកន្លែងកើតហេតុចំណែក២នាក់ទៀតទទួលរងរបួសដោយអ្នករងរបួស ក៏ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ។ ករណីហេតុការណ៍ខាងលើនោះគេមិនទាន់ដឹងថាសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតបែបណានៅឡើយនោះទេ ហើយ ក៏មិនទាន់ដឹងថាម្ចាស់ផ្ទះនោះបានដោះស្រាយជួយឧបត្ថម្ភក្រុមគ្រួសារជនរងគ្រោះនៅឡើយនោះផងដែរ ។

ដោយឡែកគេសង្កេតឃើញនៅយប់ថ្ងៃ១២ ខែមីនា នោះផងដែរ អភិបាល ក្រុងសិរីសោភ័ណ លោក ហ៊ីល រីយ៉ា និងក្រុមការងារ បានចុះទៅសាកសួរសុខទុក្ខសាច់ញាតិជនរងគ្រោះ ហើយថែមឧបត្ថម្ភនូវក្តាមឈូស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រគល់ជូនសាច់ញាតិសពសម្រាប់រៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ៕ សំ វិច្ឆិកា


ចែករំលែក៖